ប្រតិភូក្រសួងមហាផ្ទៃ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសពមន្ត្រីនគរបាល និងប្រជាការពារ ដែលបានពលីជីវិត ក្នុងបេសកកម្ម នៅស្រុកវាលវែង
ពោធិ៍សាត់ ៖ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ប្រតិភូក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពមន្ត្រីនគរបាល និងប្រជាការពារ ដែលបានពលីជីវិតក្នុងពេលបំពេញបេសកកម្ម នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ក្នុងឱកាសដ៏សោកសៅនេះ ប្រតិភូ ក្រសួងមហាផ្ទៃ បានសម្តែងនូវការសោកស្តាយ និងអាឡោះអាល័យយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់អាយុជីវិតរបស់មន្ត្រីនគរបាល និងប្រជាការពារ ដែលបានលះបង់កម្លាំងកាយចិត្ត និងជីវិត ដើម្បីបំពេញភារកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបម្រើប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ប្រតិភូបានសម្តែងការគោរពចំពោះវីរភាព និងការលះបង់ដ៏ថ្លៃថ្លារបស់សព និងបានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅជាមួយក្រុមគ្រួសារសព ព្រមទាំងសូមឱ្យក្រុមគ្រួសារមានកម្លាំងចិត្ត និងអត់ធ្មត់ឆ្លងកាត់វេលាដ៏លំបាក និងសោកសៅនេះ។

ការចុះគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការចងចាំចំពោះការលះបង់របស់មន្ត្រីនគរបាល និងប្រជាការពារ ដែលបានបំពេញតួនាទីរបស់ខ្លួនដោយភាពក្លាហាន និងស្មោះត្រង់ចំពោះជាតិ ប្រជាជន និងសន្តិសុខសង្គម។
សូមឱ្យវិញ្ញាណក្ខន្ធសពមន្ត្រីនគរបាល និងប្រជាការពារ បានទៅកាន់សុគតិភព និងសូមឱ្យក្រុមគ្រួសារនៃសពទទួលបានកម្លាំងចិត្ត និងភាពរឹងមាំក្នុងការឆ្លងកាត់ការបាត់បង់ដ៏ក្រៀមក្រំនេះ។



អត្ថបទនេះដោយ ÷ ខេម៉ា / ដើមអម្ពិល









