រដ្ឋមន្រ្តី ហេង សួរ ជំរុញលើកកម្ពស់ការដឹកនាំ និងអភិវឌ្ឍគ្រឹះស្ថាន TVET ឱ្យកាន់តែទំនើប និងគុណភាពខ្ពស់ ក្នុងការបណ្តុះបណ្តាល ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ជិន តារ៉ា ជានាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) និងលោក តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងនាយក នាយករងមកពីគ្រឹះស្ថានធីវេតទាំង៣៧ ក្រោមឱវាទក្រសួងផងដែរ។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ចំពោះលោក ជិន តារ៉ា និងលោក តាន់ កុសល ដែលទទួលបានការជឿទុកចិត្ត ពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ជាអ្នកមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបន្តដឹកនាំ កែទម្រង់ឱ្យវិទ្យាស្ថានទាំងពីរ កាន់តែមានការអភិវឌ្ឍរីកចម្រើនទាំងបរិមាណ និងគុណភាព។ ទន្ទឹមនេះ លោក ហេង សួរ ក៏បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះលោក ប៊ុន ភារិន អតីតនាយកវិទ្យាស្ថាន NPIC និងលោក យ៉ោក សុទ្ធី អតីតនាយកវិទ្យាស្ថាន NTTI ដែលបានដឹកនាំកន្លងមកធ្វើឱ្យវិទ្យាស្ថានទាំងពីរ ទទួលបានសមិទ្ធផល និងស្នាដៃជាច្រើន ។

លោករដ្ឋមន្ត្រី បានណែនាំនិងផ្តាំផ្ញើដល់នាយកថ្មីនៃវិទ្យាស្ថានទាំងពីរឱ្យបន្តដឹកនាំគ្រប់គ្រងវិទ្យាស្ថានឈរលើស្មារតីសាមគ្គីឯកភាពផ្ទៃក្នុង មានតម្លាភាព គណនេយ្យភាព រក្សាចាស់ បង្កើនថ្មី និងដាក់ចេញនូវវិធានការកំណែទម្រង់ សំដៅធ្វើឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពនៃការបណ្តុះបណ្តាល ជាពិសេសការពង្រឹងសមត្ថភាពគ្រូ ទំនើបកម្មទាំងឧបករណ៍ សម្ភារៈនិង កម្មវិធីសិក្សាទាំងជំនាញទន់ និងជំនាញរឹងឱ្យឆ្លើយតបបាន តាមការវិវត្តរីកចម្រើននៃឧស្សាហកម្ម និងបច្ចេកវិទ្យា ព្រមទាំងពង្រឹងការគ្រប់គ្រង ទាំងវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈ។

លោកក៏បានណែនាំឱ្យពង្រឹង កិច្ចសហការជាមួយវិស័យឯកជន និងដៃគូជាតិ-អន្តរជាតិ លើកកម្ពស់ការហ្វឹកហ្វឺនកូនជាង ការធ្វើតេស្ដទទួលស្គាល់ ជំនាញពីមុន ការបង្កើន និង ផ្លាស់ប្តូរជំនាញ ព្រមទាំងការស្រាវជ្រាវ និងនវានុវត្តន៍ ជាពិសេសផ្សព្វផ្សាយពីវិស័យ TVET តាមរយៈការពង្រឹងកិច្ចសហការ ជាមួយក្រុមហ៊ុនធំៗ តំបន់សេដ្ឋកិច្ចពិសេស និងអាជ្ញាធរមូលដ្ឋាន។

លោករដ្ឋមន្រ្តីមានជំនឿយ៉ាងមុតមាំថា ការដឹកនាំថ្មី ដោយមានការចូលរួមពីមន្ត្រី បុគ្គលិក និងលោកគ្រូ អ្នកគ្រូទាំងអស់នឹងធ្វើឱ្យវិទ្យាស្ថាន ទាំងពីរក្លាយជាគ្រឹះស្ថាន TVET ឈានមុខគេ ក្នុងតំបន់ និងជាមជ្ឈមណ្ឌលឧត្តមភាព បង្កើតសមិទ្ធផលថ្មីៗ និងបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

លោកសង្កត់ធ្ងន់ថា ការតាំងចិត្ត និងការចូលរួមរបស់ថ្នាក់ដឹកនាំគ្រឹះស្ថាន TVETទាំងអស់គឺជាការរួមចំណែកធ្វើឱ្យវិស័យ TVET កាន់តែដើរតួនាទីដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយជំនាញ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា និងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។

នាឱកាសនោះដែរ លោក ជិន តារ៉ា និងលោក តាន់ កុសល ក៏បានថ្លែងអំណរគុណ និងប្តេជ្ញាចិត្តខិតខំបំពេញតួនាទី និងភារកិច្ចដែលប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងប្រគល់ជូនប្រកបដោយស្មារតីទទួលខុសត្រូវ តម្លាភាព និងប្រសិទ្ធភាព៕























