ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ១ ៣០០កន្លែង ដល់ប្រជាពលរដ្ឋ និងអតីតពលករ នៅស្រុកត្រពាំងប្រាសាទ
ឧត្តរមានជ័យ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តពង្រីកការផ្សព្វផ្សាយឱកាសការងារ ក្នុងស្រុកតាមរយៈការរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» នៅបរិវេណសាលាឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ ដោយនាំយកឱកាសការងារចំនួន ១ ៣០០កន្លែង ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រធំៗ មកផ្តល់ជូនប្រជាពលរដ្ឋ អតីតពលករត្រឡប់មកពីប្រទេសថៃ និងយុវជនជាង ៦០០នាក់ ដើម្បីជំរុញការងារក្នុងស្រុក ពង្រឹងការយល់ដឹងអំពីសន្តិសុខសង្គម និងផ្សព្វផ្សាយឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។

ថ្លែងក្នុងវេទិកានេះ លោក សាន គីមហុង អនុរដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចាប់យកឱកាសការងារក្នុងស្រុក ខណៈបច្ចុប្បន្នមានតម្រូវការកម្លាំងពលកម្មជាង ៩ម៉ឺនកន្លែង នៅតាមបណ្តាសហគ្រាស ក្រុមហ៊ុន និងរោងចក្រធំៗ និងតំបន់សេដ្ឋកិច្ចពិសេសទូទាំងប្រទេស។ លោកបានគូសបញ្ជាក់ថា ការបម្រើការងារស្របច្បាប់ក្នុងស្រុក នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រួមមាន របបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តន៍ ដែលផ្តល់ការគាំពារប្រហាក់ប្រហែលនឹងមន្ត្រីរាជការផងដែរ។

លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យចៀសវាងការធ្វើចំណាកស្រុកខុសច្បាប់ ដែលអាចប្រឈមនឹងការកេងប្រវ័ញ្ច និងខ្វះការការពារតាមផ្លូវច្បាប់។ លោកបានបញ្ជាក់ថា ការបម្រើការងារក្នុងស្រុក មិនត្រឹមតែផ្តល់ប្រាក់ចំណូលមានស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរស់នៅជួបជុំ និងថែទាំក្រុមគ្រួសារបានផងដែរ។ ចំពោះអ្នកដែលមានបំណងទៅបម្រើការងារនៅក្រៅប្រទេស ត្រូវជ្រើសរើសក្រុមហ៊ុនដែលមានអាជ្ញាបណ្ណស្របច្បាប់ និងផ្ទៀងផ្ទាត់ព័ត៌មានជាមួយអាជ្ញាធរពាក់ព័ន្ធ ឬទាក់ទងលេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ផ្នែកផ្គូផ្គងការងារ និងលេខ ១២៨៦ សម្រាប់សេវា ប.ស.ស.។

ទន្ទឹមនឹងនេះ លោកក៏បានលើកទឹកចិត្តដល់យុវជនឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ តាមរយៈកម្មវិធី «TVET ១,៥ លាន» ដែលជាកម្មវិធីបណ្តុះបណ្តាលជាតិដោយឥតគិតថ្លៃ និងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ។ កម្មវិធីនេះផ្តល់ការបណ្តុះបណ្តាលលើជំនាញជាច្រើន ដូចជា ជួសជុលម៉ាស៊ីនត្រជាក់ អគ្គិសនី សំណង់ សេវាកម្មកាហ្វេ សាឡន សម្អាងការ និងជំនាញផ្សេងៗទៀត ព្រមទាំងការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីបង្កើនឱកាសទទួលបានការងារ និងប្រាក់ឈ្នួលសមរម្យ។

សូមជម្រាបថា វេទិកាការងារនេះ មានការចូលរួមពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រធំៗ ដែលបាននាំយកឱកាសការងារចំនួន ១ ៣០០កន្លែង មកផ្តល់ជូនប្រជាពលរដ្ឋ រួមមាន រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, ក្រុមហ៊ុន តៃនីង សៀមរាប អភិវឌ្ឍន៍កៅស៊ូ, ក្រុមហ៊ុន អិកស៍ អិល អិកស៍ ស៊ីង ស៊ីង ឯ.ក និងក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ ជ្រើសរើសកម្លាំងពលកម្មទៅបម្រើការងារនៅក្រៅប្រទេស។ ក្រៅពីការជ្រើសរើសបុគ្គលិកដោយផ្ទាល់ ក្រុមហ៊ុនទាំងនេះក៏បានផ្តល់ព័ត៌មាន សេវាផ្គូផ្គងការងារ និងការប្រឹក្សាយោបល់ជូនអ្នកស្វែងរកការងារ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន៕

























