អតីតសិស្សនិទ្ទេស A៖ ការជ្រើសរើសរៀនជំនាញ IT ក្នុងវិស័យ TVET គឺជាជម្រើសដ៏ល្អសម្រាប់ខ្ញុំ ដើម្បីចាប់យកឱកាសការងារ តាមយុគសម័យឌីជីថល
ភ្នំពេញ៖យុវជន វុន សុខលាភ បានប្រែក្លាយខ្លួនពីសិស្សម្នាក់រៀនមិនសូវពូកែ រហូតក្លាយជាសិស្សពូកែ និងទទួលនិទ្ទេស A ដែលមកចាប់យកជំនាញ«ព័ត៌មានវិទ្យា» នៅក្នុងវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស(NTTI) តាមរយៈការសិក្សាអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីត្រៀមខ្លួនចូលរួមក្នុងកម្លាំងពលកម្មផ្នែកឌីជីថលនៅកម្ពុជា។

កន្លងមក យុវជនរូបនេះជាសិស្សដែលរៀនមិនសូវពូកែ និងមានចំណុចខ្សោយជាច្រើន ប៉ុន្ដែនៅពេលចាប់ផ្ដើមចូលរៀនត្រឹមថ្នាក់ទី១២ លោកក៏បានផ្លាស់ប្ដូរការគិត និងបង្កើនខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលជាទីគាប់ចិត្ដ និងទទួលនិទ្ទេស A។
យុវជន សុខលាភ បាននិយាយថា៖«គ្រួសារខ្ញុំក៏អត់នឹកស្មានដល់ថា ខ្ញុំប្រឡងទទួលបាននិទ្ទេស A នេះដែរ ព្រោះពួកគាត់ឃើញខ្ញុំរៀនអត់ពូកែតាំងពីដើម»។
បន្ទាប់ពីប្រឡងបាក់ឌុបចប់ យុវជនរូបនេះ ក៏បានសម្រេចចិត្ដស្វែងរកព័ត៌មានបន្ថែមទាក់ទង និងជំនាញ IT និងគ្រឹះស្ថានបណ្ដុះបណ្ដាល ដោយសារតែខ្លួនជាមនុស្សស្រឡាញ់ខាងបច្ចេកទេស ហើយមើលឃើញថា ក្នុងសម័យបច្ចុប្បន្ន គឺជាសម័យដែលឆ្ពោះទៅរឌីជីថល ដូចនេះជំនាញIT នេះជាជម្រើសដ៏សកសមសម្រាប់ទីផ្សារការងារកម្ពុជា។ បន្ថែមពីលើសនេះ យុវជនរូបនេះក៏បានចាប់អារម្មណ៍ទៅលើវិទ្យាស្ថាន NTTI ដោយសារតែក្នុងបន្ទប់មានឧបករណ៍ទំនើបៗ មានបន្ទាប់ពិសោធន័សម្រាប់ឲ្យសិស្សានុសិស្សអនុវត្ដផ្ទាល់។

យុវជន សុខលាភ បានលើកឡើងថា៖«ការរើសជំនាញនៅ TVET ជាជម្រើសមួយដ៏ល្អសម្រាប់ខ្ញុំ ដោយសារខ្ញុំចូលរៀនផ្ទាល់ លោកគ្រូ អ្នកគ្រូ ខិតខំព្យាយាមបង្រៀន មិនថាទាំងទ្រឹស្ដី និងអនុវត្ត គឺទន្ទឹមគ្នាសឹងថាពេលខ្លះអនុវត្តច្រើនជាងទ្រឹស្ដីទៀត»។
បន្ថែមពីលើនេះ TVET មានដៃគូសហការច្រើន ដែលងាយស្រួលឲ្យសិស្សក្នុងការរកការងារ ឬហាត់ការងារ ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែរីកចម្រើន ហើយខាងសាលាក៏មានការជួយរៀបចំជួយធ្វើ CV ឬរៀបចំផ្សេងៗ និងណែនាំយើងមុនពេលទៅពាក្យាការងា។
ជាមួយគ្នានេះ អតីតសិស្សនិទ្ទេស A រូបនេះក៏បានចែករំលែកបីគន្លឹះសំខាន់ៗក្នុងត្រៀមខ្លួនប្រឡងរួមមាន ទី១ កុំដាក់សម្ពាធខ្លួនឯងពេក, ទី២ ប្រឹងអនុវត្តលំហាត់ និងមេរៀនឲ្យបានច្រើន និងទី៣ ត្រូវមានគោលដៅថា ខ្លួនឯងប្រឡងចង់បានអី្វ។
យុវជន វុន សុខលាភ ក៏បានលើកទឹកចិត្ដប្អូនៗមកចុះឈ្មោះរៀនជំនាញនៅក្នុង TVET ឲ្យបានច្រើន ដោយសារនៅទីនេះ លោកគ្រូ អ្នកគ្រូ សុទ្ធមានវិជ្ជាជីវៈច្បាស់លាស់ ឧបករណ៍ប្រើប្រាស់សម្រាប់អនុវត្តទំនើបៗ និងជំនាញដែលឆ្លើយតបតាមតម្រូវការងារទីផ្សារការងារបច្ចុប្បន្ន៕









