ចំពោះមុខមេបញ្ជាការអាមេរិក មេបញ្ជាការកម្ពុជា បញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់ការកែប្រែព្រំដែនជាដាច់ខាត
ភ្នំពេញ ៖ នៅចំពោះមុខ នាយឧត្តមនាវី STEPHEN T. WEB KOEHLER មេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក នាយឧត្តមសេនីយ៍ វង្ស ពិសេនអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាក់យ៉ាងច្បាស់ៗថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាត នូវការកែប្រែខ្សែបន្ទាត់ព្រំដែន ពីសំណាភាគីថៃជាឯកតោភាគី។

ក្នុងឱកាសអនុញ្ញាតឱ្យមេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជាថ្មី នូវជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ និងមិនទទួលស្គាល់ការកែប្រែខ្សែ បន្ទាត់ព្រំដែនដោយប្រើប្រាស់កម្លាំងយោធា។

ជាការឆ្លើយតប នាយឧត្តមនាវី STEPHEN T. WEB KOEHLER បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ។

សូមបញ្ជាក់ថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារ ខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរ បានឯកភាពគ្នានាពេលកន្លងមក ។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែ ព្រំដែនណាមួយដែលកើតចេញពីការ ប្រើប្រាស់កម្លាំងនោះឡើយ៕












