ជាមធ្យមមានកុមារ ហ្គាហ្សាម្នាក់ ត្រូវបានសម្លាប់ក្នុងមួយថ្ងៃ ខណៈប្រជាជនហ្គាហ្សា ប្រឈមមុខ នឹងអំពើហិង្សា ដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល
អង្គការសហប្រជាជាតិ៖ ជនស៊ីវិលនៅហ្គាហ្សា បន្តប្រឈមមុខនឹងការវាយប្រហារ យោធាយ៉ាងខ្លាំង ការបាញ់ផ្លោង ការបាញ់កាំភ្លើង និងការបាញ់ប្រហារពីកងទ័ពជើងទឹកពីអ៊ីស្រាអែល ក្នុងចំណោមការគំរាមកំហែងផ្សេងទៀត ចំពោះសុវត្ថិភាពរបស់ពួកគេ នេះបើយោងតាមអ្នកមនុស្សធម៌ របស់អង្គការសហប្រជាជាតិ។
មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ បានឧ្យដឹងថា កុមារយ៉ាងហោចណាស់ ៣០០នាក់ត្រូវបានសម្លាប់ នៅតំបន់ហ្គាហ្សា ក្នុងរយៈពេល ៣០០ថ្ងៃកន្លងមកចាប់តាំង ពីបទឈប់បាញ់ត្រូវបានប្រកាសនៅក្នុងខែតុលា ឆ្នាំ២០២៥ ដែលស្មើនឹងកុមារជាមធ្យមម្នាក់ជារៀងរាល់ថ្ងៃ។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ (OCHA) បានឧ្យដឹងថា “ខណៈពេលដែលកុមារបន្តរស់នៅក្រោមលក្ខខណ្ឌលំបាក រួមទាំងជម្រកចង្អៀត និងការទទួលបានទឹកស្អាត និងសេវាសុខភាពមានកម្រិត អង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌កំពុងធ្វើអ្វី ដែលពួកគេអាចធ្វើបាន ដើម្បីបង្កើនជំនួយ”។
កាលពីសប្តាហ៍មុន ដៃគូដែលគាំទ្រដល់សេវាការពារកុមារបានចែកចាយឧបករណ៍អនាម័យជាង ៨០០ រួមជាមួយនឹងធុងទឹក និងសាប៊ូបោកខោអាវ ដល់គ្រួសារចំនួន ៥០ ដែលត្រូវបានផ្លាស់ទីលំនៅ រួមទាំងកុមារ និងអ្នកថែទាំផងដែរ។
ពួកគេក៏បានផ្តល់អត្តសញ្ញាណប័ណ្ណកុមារចំនួន ៣០០ និងសៀវភៅកត់ត្រាចំនួន ៥០០ សម្រាប់កុមារផងដែរ នេះបើយោងតាមការិយាល័យ OCHA។ កាលពីខែមុន ដៃគូបានផ្តល់ជំនួយជាសាច់ប្រាក់ ឧបករណ៍ជំនួយ ឧបករណ៍ដើរ កន្ទបទារក ពូកវេជ្ជសាស្ត្រ និងសេវាស្តារនីតិសម្បទាដល់កុមារពិការជាង ៥០០ នាក់៕









