សម្តេចធិបតី ណែនាំគ្រប់ភាគីរួមគ្នា ជំរុញការផ្តល់ឱកាស ដល់យុវជនជនជាតិ ដើមភាគតិច ក្នុងការទទួលបានការអប់រំ ចំណេះដឹងទូទៅ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំគ្រប់ភាគីត្រូវរួមគ្នា ជំរុញការផ្តល់ឱកាសដល់យុវជន ជនជាតិដើមភាគតិច ក្នុងការទទួលបានការអប់រំ ចំណេះដឹងទូទៅ ជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាឌីជីថល។
តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ «ការលើក តម្កើងតួនាទីឆ្មប ជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព» សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ ក្នុងការរៀបចំមជ្ឈមណ្ឌល ពិព័រណ៍សហគមន៍ជនជាតិដើមភាគតិច ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ និងការអភិរក្សយូរអង្វែង សម្រាប់សាធារណជន។
សម្ដេចធិបតី គូសបញ្ជាក់ថា «ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវរួមគ្នាជំរុញការផ្តល់ឱកាសដល់យុវជនជនជាតិដើមភាគតិច ក្នុងការទទួលបានការអប់រំ ចំណេះដឹងទូទៅ ជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនសមត្ថភាពក្នុងការចូលរួមអភិវឌ្ឍសហគមន៍ និងសង្គមជាតិ»។
សម្ដេចធិបតី បន្ដថា គ្រប់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន ត្រូវបង្កើនការផលិត និងផ្សព្វផ្សាយអំពីសក្តានុពល និង គុណតម្លៃនៃជនជាតិដើមភាគតិច ដើម្បីឱ្យសាធារណជន និងអន្តរជាតិ បានជ្រួតជ្រាបកាន់តែស៊ីជម្រៅ និងរួមគ្នា អភិរក្សវប្បធម៌ និងប្រពៃណីដ៏សម្បូរបែប។ លេីសីនេះ ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សូមបន្តផ្តល់ការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកប ដោយចីរភាព៕









