បទវិភាគ ៖ ប្រទេសចិនធ្វើការតបតវិញយ៉ាងខ្លាំងក្លា ដើម្បីគាំពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់សហគ្រាសចិន និងផលប្រយោជន៍សន្តិសុខជាតិយ៉ាងម៉ឺងម៉ាត់
ថ្ងៃទី ៥ ខែសីហា ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសចិនដូចជាក្រសួងពាណិជ្ជកម្មចិន ជាដើមបានប្រកាសថា នឹងធ្វើការតបតវិញចំពោះវិធានការអវិជ្ជមានមួយចំនួនរបស់គណកម្មាការទូរគមនាគមសហរដ្ឋអាមេរិក និងក្រសួងសន្តិសុខ សហរដ្ឋអាមេរិកដែលពាក់ព័ន្ធនឹងប្រទេសចិន ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ទង្វើរបស់ភាគីអាមេរិករំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់គំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ហើយបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ភាគីចិនផង ដូច្នេះ ប្រទេសចិនមានតែចាត់វិធានការតបតវិញដ៏ចាំបាច់ ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនតម្រូវឱ្យភាគីអាមេរិកលុបចោលវិធានការពាក់ព័ន្ធជាបន្ទាន់ បញ្ឈប់ធ្វើទង្វើខុសឆ្គង ហើយវិលត្រឡប់ទៅរកផ្លូវត្រឹមត្រូវវិញ ពោលគឺ ដោះស្រាយបញ្ហាតាមរយៈកិច្ចពិគ្រោះពិភាក្សា និងកិច្ចសហប្រតិបតិ្តការដ៏មេត្រីភាព ។

ប្រឈមនឹងការគាបសង្កត់ និងអនុត្តរភាពឯកតោភាគីដោយគ្មាហេតុផលរបស់អាមេរិកម្តងហើយម្តងទៀត ប្រទេសចិនមានតែធ្វើការតបតវិញដ៏ចាំបាច់ដោយខានមិនបាន ។ បើមើលពីវិធានការតបតវិញយ៉ាងលម្អិត បានបង្ហាញពីភាពខ្លាំងក្លានិងចំគោលដៅ ។ ឧទាហរណ៍ អង្គភាពអាមេរិកចំនួន៦ ដូចជាក្រុមហ៊ុនវិទ្យាសាស្ត្រឌីអិនអេជាដើម បានជួយនិងគាំទ្រអាមេរិកដាក់ទណ្ឌកម្មដោយខុសច្បាប់ពាក់ព័ន្ធដល់តំបន់ស៊ីនជាំង និងមានទង្វើដ៏អាក្រក់ ដូច្នេះប្រទេសចិនបានចាត់វិធានការតបតវិញចំពោះអង្គភាពទាំងនេះ ដែលបានបង្ហាញពីបេ្តជ្ញាចិត្តរបស់ចិនដើម្បីគាំពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន ។
បើចង់រក្សាទំនាក់ទំនងស្ថិរភាព ជាយុទ្ធសាស្ត្ររវាងចិននិងអាមេរិកដែលប្រកបដោយលក្ខណៈស្ថាបនា នោះត្រូវមើលការប្រកួតប្រជែង តាមក្រសែភ្នែកត្រឹមត្រូវ ។ ក្នុងនាមជាប្រទេសធំទាំងពីរ ការប្រកួតប្រជែងរវាងប្រទេសចិននិងអាមេរិកគឺជៀសមិនរួច។ ប៉ុន្តែរឿងសំខាន់គឺមិនត្រូវប្រើប្រាស់ការប្រកួតប្រជែងសន្មតនិយមន័យ នៃទំនាក់ទំនងរវាងចិននិងអាមេរិកទាំងស្រុងទេ ។ ការប្រកួតប្រជែងរវាងប្រទេសចិន និងអាមេរិកគួរតែជាការប្រកួតប្រជែងដោយយុត្តិធម៌ និងផ្អែកលើច្បាប់ តែមិនមែនជាការគាបសង្កត់ដោយគ្មានហេតុផលទៅលើសហគ្រាស និងឧស្សាហកម្មរបស់គូភាគីទេ ។
សូមយកបញ្ញាសិប្បនិម្មិតជាឧទាហរណ៍ ប្រទេសចិនប្រកាន់ខ្ជាប់ការបើកចំហ ដើម្បីនាំមកនូវឱកាសថ្មីដល់កិច្ចសហប្រតិបត្តិការដ៏បើកចំហនៅលើពិភពលោក។ ប៉ុន្តែ ប្រជាជនអាមេរិកមួយចំនួនមានការព្រួយបារម្ភចំពោះការអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិន ហើយបានប្រកាសថា នឹងធ្វើការស៊ើបអង្កេត និងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់ប្រទេសចិន។ ទង្វើគាំពារនិយមបែបនេះ រងការប្រឆាំងពីសហគ្រាសអាមេរិកជាច្រើន ។ នាពេលថ្មីៗនេះ សហគ្រាសថ្មីរបស់អាមេរិក ចំនួនជិត២រយ បានដាស់តឿនឱ្យរដ្ឋាភិបាលអាមេរិក កុំកាត់ផ្តាច់ការចូលប្រើប្រាស់គំរូ ប្រភពបើកចំហរបស់ចិន ដោយបានសម្គាល់ឃើញថា ទង្វើនេះនឹងកាត់បន្ថយកម្លាំងប្រកួតប្រជែងរបស់សហគ្រាសអាមេរិក ។
ធាតុពិតនៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក គឺផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ប្រឈមមុខនឹងការខ្វែងគំនិត និងជន្លោះ ការពិគ្រោះពិភាក្សាដោយស្មើភាព គឺជាជម្រើសត្រឹមត្រូវតែមួយគត់ ។ ចិននិងអាមេរិកអាច និងគួរតែក្លាយជាដៃគូនិងមិត្តភក្តិ។
ទិន្នន័យមានភាពជឿជាក់បំផុត ៖ បច្ចុប្បន្ននេះ នៅអាមេរិក មានសហគ្រាសទុនចិនចំនួនជាង ៧០០០ ហើយមានសហគ្រាសអាមេរិកចំនួនប្រមាណ ៨ម៉ឺន បានបណ្តាក់ទុននៅក្នុងប្រទេសចិន។ ក្រុមហ៊ុនអាមេរិកបានរក្សាលំដាប់ថ្នាក់ទីមួយ នៃទំហំតាំងពិព័រណ៍ធំជាងគេនៅពិព័រណ៍នាំចូលចិនអន្តរជាតិក្នុងរយៈពេលប្រាំពីរឆ្នាំជាប់ៗគ្នា ហើយក៏បានជាប់ចំណាត់ថ្នាក់លេខមួយ ជាប់រហូត ក្នុងចំណោមក្រុមហ៊ុនបរទេសដែលចូលរួមពិព័រណ៍ខ្សែសង្វាក់ ផ្គត់ផ្គង់ចិនអន្តរជាតិ ។
ប្រទេសទាំងពីរចិននិងអាមេរិកមានកិច្ចសហការល្អ នោះនឹងមានអំណោយផល ដល់ប្រទេសទាំងពីរ តែបើប្រឈមមុខដាក់គ្នាវិញ នោះនឹងត្រូវខាតបង់ទាំងសងខាង នេះជាហេតុផលដែល ត្រូវបានបញ្ជាក់សាចុះសាឡើងក្នុងការពិតជាក់ស្តែង ។ ការរក្សាទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្រ រវាងចិននិងអាមេរិកដែលប្រកបដោយលក្ខណៈស្ថាបនា ជាតម្រូវការរបស់ចិននិងអាមេរិកផង ហើយក៏ជាក្តីបំណងរបស់ពិភពលោកផងដែរ ។ រំពឹងទុកអាមេរិកនឹងដើរស្របតាមទិសដៅជាមួយភាគីចិន ក្នុងន័យរួមគ្នាអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរចិននិងអាមេរិក ដើម្បីបំពេញបន្ថែមស្ថិរភាព និងភាពប្រាកដប្រជាដល់ពិភពលោក ៕









