នាព្រឹកថ្ងៃទី១ ! ដំណើរការប្រឡងបាក់ឌុប បានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការណ៍ ខុសប្រក្រតីកើតមានឡើង
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១០ សីហា ២០២៦ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការណ៍ខុសប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ថា «បេក្ខជនដែលបានចេញពីមណ្ឌលប្រឡងមានទឹកមុខស្រស់ស្រាយ សប្បាយរីករាយ ដែលបញ្ជាក់ថាដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិពិតជាប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន»។

សូមជម្រាបថា ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨នាក់ (ស្រី ៨៤ ៧៣៥នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៣៧ ៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១១៣ ៧៩៣នាក់ ស្មើនឹង ៧៥,២៤%។
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស៕










