យុវជនជំនាន់ថ្មី និងសកម្មជន មកពីគណបក្សដទៃ ៤២៧នាក់ ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស
ភ្នំពេញ៖ លោក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់សមាជិកថ្មីចំនួន ៤២៧នាក់ (ស្រី២៣៤នាក់) ក្នុងនោះក៏មានសកម្មជនមកពីគណបក្សផ្សេងៗចំនួន ២២នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក រ័ត្ន ស្រ៊ាង បានសម្ដែងនូវមនោសញ្ចេតនារីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មី ដែលបានស្ម័គ្រចិត្តសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាការប្រើសិទ្ធសេរីភាពដ៏ត្រឹមត្រូវ ក្នុងការចូលរួម កសាងនិងអភិវឌ្ឍន៍ជាតិ ផ្អែកលើការមើលឃើញជាក់ស្តែង និងការជឿជាក់ចំពោះ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី។
ទិដ្ឋភាពក្នុងកម្មវិធី មានភាពសោមនស្សរីករាយ និងស្និទ្ធស្នាលក្រៃលែង ក្រោមរូបភាព បរិភោគ នូវអាហារសម្រន់ ភេសជ្ជៈ ទទួលទានបានគ្រប់គ្នា ជាមួយនិងការឧបត្ថម្ភថវិកា ជូនដល់សមាជិកថ្មីទាំង៤២៧នាក់ ព្រមទាំងក្រុមយុវជន ដែលបានចូលរួមក្នុងកម្មវិធី និងកងកម្លាំងការពារ សន្តិសុខសណ្តាប់ធ្នាប់ទាំងអស់។
ក្រោយចប់កម្មវិធីប្រកាស លោក រ័ត្ន ស៊្រាង បាននាំយក ស៊ីម៉ង់ត៍ចំនួន១០តោន ទៅប្រគេនថ្វាយព្រះចៅអធិការវត្តព្រែកថ្លឹង ដើម្បីចូលរួមក្នុងការកសាងកុដិ នៅក្នុងទីអារាមផងដែរ៕















