ឧបនាយករដ្ឋមន្ត្រី ស សុខា ៖ ការអប់រំកុមារតូច ជាគ្រឹះយ៉ាងរឹងមាំ ក្នុងការកសាងកុមារ ឱ្យក្លាយជាពលរដ្ឋ ប្រកបដោយចំណេះដឹង
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង មានប្រសាសន៍ថា ការអប់រំកុមារតូច គឺជាគ្រឹះយ៉ាងរឹងមាំ និងមានសារសំខាន់បំផុត ក្នុងការបណ្តុះបណ្តាល និងកសាងកុមារ ឱ្យក្លាយជាពលរដ្ឋពេញលេញ ប្រកបដោយចំណេះដឹង សីលធម៌ សក្តានុពល និងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះវាសនានៃប្រទេសជាតិទៅថ្ងៃអនាគត។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ លោកស្រី កែ សួនសុភី ស សុខា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវអគារមត្តេយ្យសិក្សា ១ខ្នង មាន ៤បន្ទប់ នៅសាលាបឋមសិក្សារកាកូនសាត់ និងអគារមត្តេយ្យសិក្សា ១ខ្នង មាន ៤បន្ទប់ទៀត នៅសាលាបឋមសិក្សាសំពៅមាស ស្ថិតក្នុងបរិវេណសាលាបឋមសិក្សារកាកូនសាត់ ខេត្តព្រៃវែង នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា អគារសិក្សាស្ដង់ដារទាំងពីរខ្នងនេះ នឹងរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការលើកកម្ពស់គុណភាព នៃការអប់រំកុមារតូចនៅក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត អង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធានាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពរីកចម្រើនគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់នៅក្នុងខេត្តព្រៃវែងទាំងមូល។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានលះបង់កម្លាំង កាយចិត្តក្នុងការបណ្ដុះបណ្ដាល និងផ្ទេរចំណេះដឹង ជំនាញ ដល់សិស្សានុសិស្សអស់ពីសមត្ថភាព។ ទន្ទឹមនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានក្រើនរំលឹក និងអំពាវនាវដល់ មាតា បិតា និងអាណាព្យាបាលសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ តាមដានការសិក្សារបស់កូនៗ ដោយធ្វើយ៉ាងណាកុំបណ្តោយឱ្យកុមារ បោះបង់ការសិក្សា ឬគេចសាលារៀនឱ្យសោះ ចៀសវាងកុំឱ្យពួកគេប្រព្រឹត្តអំពើមិនល្អ ឬអាចឈានទៅប្រព្រឹត្តបទល្មើសក្នុងសង្គម៕










