Feature

រដ្ឋមន្ត្រី ហួត ហាក់ ៖ ព្រឹត្តិការណ៍រត់ដើម្បីសត្វផ្សោតទន្លេមេគង្គ​ មិនត្រឹមតែដើម្បីសុខភាពប៉ុណ្ណោះទេ តែជាការរត់ដើម្បីផ្សព្វផ្សាយទេសចរណ៍

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ចាក់ថា ការរត់ដើម្បីសត្វផ្សោតទន្លេមេគង្គ មិនត្រឹមតែជាកីឡាដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាការរត់ដើម្បីផ្សព្វផ្សាយទេសចរណ៍ រត់ដើម្បីធម្មជាតិ និងរត់ដើម្បីរួមគ្នា អភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជាសម្បត្តិធម្មជាតិ ដ៏មានតម្លៃរបស់កម្ពុជា ។

ការថ្លែងរបស់លោក ហួត ហាក់ខាងលើនេះ ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីក្នុង «កម្មវិធីរត់ដើម្បីសត្វផ្សោតទន្លេមេគង្គ៖ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង» ចម្ងាយ ៥គីឡូម៉ែត្រ ដែលជាព្រឹត្តិការណ៍អមនៃ ព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង​ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ។

ព្រឹត្តិការណ៍ទេសចរណ៍កីឡានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនា និងស្វែងយល់ពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ជាពិសេសខេត្តស្ទឹងត្រែង ដែលជាគោលដៅអេកូទេសចរណ៍ ដ៏មានសក្តានុពលនៅតំបន់ភូមិភាគឦសាន។ ព្រឹត្តិការណ៍នេះក៏ជាការចូលរួម ជំរុញចលនាទេសចរណ៍ក្នុងស្រុក តាមរយៈការអនុវត្តយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ផងដែរ។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា ប្រធានបទ «រត់ដើម្បីសត្វផ្សោតទន្លេមេគង្គ» មានអត្ថន័យជ្រាលជ្រៅ ដោយបានផ្សារភ្ជាប់វិស័យសំខាន់ៗចំនួន៣ រួមមាន៖ កីឡា ការអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ទេសចរណ៍ ក្នុងរដូវកាលបៃតង។ វត្តមាន និងការចូលរួមយ៉ាងសកម្ម​ របស់សាធារណជន គឺជាការឆ្លុះបញ្ចាំងពីឆន្ទៈរួមក្នុងការគាំទ្រ និងលើកស្ទួយវិស័យទេសចរណ៍ និងកីឡា ឱ្យកាន់តែរីកចម្រើន និងមានភាពទាក់ទាញបន្ថែមទៀត។

លោករដ្ឋមន្ត្រី មានប្រសាសន៍ថា អន្លង់សត្វផ្សោតទន្លេមេគង្គ គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានតម្លៃ និងជាជម្រកដ៏សំខាន់របស់សត្វផ្សោតទឹកសាបទន្លេមេគង្គ។ នៅតំបន់នេះ ភ្ញៀវទេសចរអាចជិះទូកកម្សាន្តទស្សនាសត្វផ្សោត ស្វែងយល់ពីប្រព័ន្ធអេកូឡូស៊ីតាមដងទន្លេមេគង្គ និងគយគន់ទេសភាពព្រៃលិចទឹកដ៏ស្រស់ត្រកាល ព្រមទាំងទទួលបានបទពិសោធន៍ទេសចរណ៍ ដែលផ្សារភ្ជាប់ដោយផ្ទាល់ជាមួយសហគមន៍មូលដ្ឋាន។

ក្នុងរដូវកាលបៃតង ធម្មជាតិនៅខេត្តស្ទឹងត្រែង កាន់តែមានភាពស្រស់បំព្រង បៃតងខៀវស្រងាត់ អាកាសធាតុត្រជាក់ស្រួល និងបរិយាកាសស្រស់ស្រាយ ដែលបង្កើតជាបទពិសោធន៍ពិសេសមួយ សម្រាប់ភ្ញៀវទេសចរ និងបង្ហាញថា រដូវកាលបៃតងគឺជាពេលវេលា ដ៏សមស្របមួយ សម្រាប់ការធ្វើដំណើរស្វែងយល់ ពីសម្រស់ធម្មជាតិ និងសក្តានុពលអេកូទេសចរណ៍របស់កម្ពុជា។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនាខេត្តស្ទឹងត្រែង ស្វែងយល់ពីសក្តានុពលទេសចរណ៍ធម្មជាតិដ៏សម្បូរបែប ចូលរួមគាំទ្រសហគមន៍មូលដ្ឋាន និងរួមគ្នាថែរក្សា អភិរក្ស និងការពារសត្វផ្សោតទន្លេមេគង្គ ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានគូសរំលេចថា កម្មវិធី «រត់ដើម្បីសត្វផ្សោតទន្លេមេគង្គ៖ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង» មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាសម្រាប់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារដ៏មានអត្ថន័យ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តស្ទឹងត្រែង ជំរុញការចូលរួមអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ស្របតាមគោលដៅនៃការអភិវឌ្ឍទេសចរណ៍ ប្រកបដោយចីរភាព និងការជំរុញចលនាទេសចរណ៍ ក្នុងរដូវកាលបៃតងនៅកម្ពុជា៕

To Top