Feature

ប្រធានក្រុមការងារ ចុះជួយស្រុកកំពង់សៀម ដឹកនាំផ្សព្វផ្សាយផែនការរួម ឆ្ពោះទៅកាន់ភាពជោគជ័យលើការបោះឆ្នោត ក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧

កំពង់ចាម ៖ លោក​ ហេង សួរ សមាជិកគណៈកម្មាធិការ កណ្ដាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកកំពង់សៀម បានអញ្ជើញ ជាអធិបតីក្នុងពិធី “ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សស្រុក” នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្ស ប្រជាជនស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់សមាជិក សមាជិកានៃក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុក-ឃុំ សរុបជិត ៤០០នាក់។

ជាមួយនឹងការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករឭកពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកំពូលៗ របស់គណបក្ស ជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីគណៈកម្មាធិការបក្សស្រុកកំពង់សៀម ក្នុងមនោសញ្ចេតនាស្រឡាញ់ រាប់អានដ៏ស្មោះស្ម័គ្រនោះ លោក​ ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈកម្មាធិការ និងសមាជិកបក្សគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញកិច្ចការ និងតួនាទីរបស់ខ្លួន ប្រកបដោយសា្មរតី បុរេសកម្ម និងទទួលខុសត្រូវខ្ពស់។ ជាក់ស្តែង លទ្ធផលទទួលបានក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ សម្រាប់ស្រុកកំពង់សៀមទទួលបានការគាំទ្រជាទីគាប់ចិត្ត ។

ទោះយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ គឺជាការប្រកួតប្រជែងដ៏មានសារៈសំខាន់យ៉ាងខ្លាំង ហេតុនេះគណៈកម្មាធិការគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងជ័យជម្នះបន្តទៀត ហើយជាជ័យជម្នះដែលកើតចេញពីសកម្មភាពជាក់ស្តែងក្នុងការចុះជាប់ និងដោះស្រាយបញ្ហាជូនប្រជាជន។

ក្រោយពីស្តាប់ខ្លឹមសារនៃសេចក្តីសម្រេច ស្តីពីការបង្កើតគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧, ឯកសារជំនួយស្មារតី ស្តីពីក្រមសីលធម៌សម្រាប់ក្រុមការងារ និងគណៈកម្មាធិការគណបក្សក្នុងការជ្រើសរើស និងរៀបចំបញ្ជីបេក្ខជនគណបក្ស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ និងសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈអចិន្រៃ្តយ៍គណៈកម្មាធិការស្រុកកំពង់សៀមរួចមក លោកបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សស្រុកកំពង់សៀមដែលបានរៀបចំផែនការឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ ច្បាស់លាស់ ស្របតាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

លោកសង្កត់ធ្ងន់ថា ឯកសារដ៏សំខាន់ទាំងបីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីកំណត់ឱ្យបានច្បាស់លាស់នូវកាលវិភាគ តួនាទី និងភារកិច្ច ព្រមទាំងសមាសភាពអ្នកទទួលបន្ទុក ដោយបញ្ជាក់ថា តើអ្នកណាត្រូវអនុវត្តការងារអ្វី នៅពេលណា និងត្រូវប្រើប្រាស់យុទ្ធសាស្ត្រ ឬវិធីសាស្ត្រអ្វី ដើម្បីធានាឱ្យការអនុវត្តការងារប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងសម្រេចបានតាមគោលដៅដែលបានកំណត់។

លោកបានណែនាំឱ្យយកចិត្តទុកដាក់ឈ្វេងយល់ និងផ្សព្វផ្សាយសេចក្តីសម្រេចឱ្យបានច្បាស់លាស់ និងពង្រឹងកិច្ចសហការរវាងក្រុមការងារគ្រប់លំដាប់ថ្នាក់ តាមរយៈការបែងចែកភារកិច្ច និងការទទួលខុសត្រូវឱ្យបានហ្មត់ចត់។ ជាមួយគ្នានេះ ត្រូវបន្តក្តាប់ និងធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកគណបក្ស និងជំរុញសមាជិកដែលទើបគ្រប់អាយុឱ្យចុះឈ្មោះបោះឆ្នោតឱ្យបាន ១០០% ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីរួមគ្នាថែរក្សាសមិទ្ធផលសង្គមជាតិ ជាពិសេស “សន្តិភាព”។លោក​ ហេង សួរ ជឿជាក់យ៉ាងមុតមាំថា ផ្អែកលើស្មារតីសាមគ្គីភាព ឆន្ទៈមោះមុត និងបទពិសោធកន្លងមក ក្រុមការងារ និងគណៈកម្មាធិការគណបក្សគ្រប់លំដាប់ថ្នាក់នឹងរួមគ្នាអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៧ឱ្យទទួលបានជោគជ័យ៕

To Top