Feature

រដ្ឋមន្ត្រី ហួត​ ហាក់​ លើកទឹកចិត្តឱ្យសហគមន៍ ទេសចរណ៍ទាំង៨ នៃខេត្តស្ទឹងត្រែង បន្តពង្រឹងសាមគ្គីភាព និងភាពជាម្ចាស់ក្នុងការគ្រប់គ្រង តំបន់ទេសចរណ៍របស់ខ្លួន

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកទឹកចិត្តឱ្យសហគមន៍ទេសចរណ៍ទាំង៨ នៃខេត្តស្ទឹងត្រែង​ បន្តពង្រឹងសាមគ្គីភាព និងភាពជាម្ចាស់ក្នុងការគ្រប់គ្រង តំបន់ទេសចរណ៍របស់ខ្លួន ដោយយកចិត្តទុកដាក់លើអនាម័យ បរិស្ថាន សុវត្ថិភាព គុណភាពសេវាកម្ម បដិសណ្ឋារកិច្ច និងការបង្កើតបទពិសោធន៍ថ្មីៗ សម្រាប់ភ្ញៀវទេសចរ ។

ការថ្លែងលើកទឹកចិត្ត របស់លោករដ្ឋមន្ត្រី ហួត ហាក់ ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី​ ក្នុងពិធីសំណេះសំណាល​​ជាមួយ សហគមន៍ទេសចរណ៍ទាំង៨ នៃខេត្តស្ទឹងត្រែង​ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ដើម្បីស្តាប់ដោយផ្ទាល់នូវវឌ្ឍនភាព សក្តានុពល បញ្ហាប្រឈម និងសំណូមពររបស់សហគមន៍ ព្រមទាំងពិភាក្សាអំពីទិសដៅ ក្នុងការពង្រឹងគុណភាពសេវាកម្ម បង្កើតផលិតផលទេសចរណ៍ថ្មីៗ និងជំរុញការផ្សព្វផ្សាយ សហគមន៍ទេសចរណ៍ខេត្តស្ទឹងត្រែង ឱ្យកាន់តែទូលំទូលាយ ។

ពិធីសំណេះសំណាលនេះ បានផ្តល់ឱកាសដល់តំណាងសហគមន៍ រួមមាន៖ ១). សហគមន៍អេកូទេសចរណ៍អន្លងផ្សោតត្បូងខ្លា, ២). សហគមន៍អេកូទេសចរណ៍ជួរវែង, ៣). សហគមន៍អេកូទេសចរណ៍កោះព្រះ, ៤). សហគមន៍អេកូទេសចរណ៍អូរឬស្សីកណ្តាល, ៥). សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ, ៦). សហគមន៍អេកូទេសចរណ៍ព្រះរំកិល, ៧). សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន និង៨). សហគមន៍ជនជាតិដើមភាគតិច លើកឡើងដោយផ្ទាល់ អំពីស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាន និងចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រងសហគមន៍ ការផ្តល់សេវាទេសចរណ៍ ការអភិរក្សធនធានធម្មជាតិ ក៏ដូចជាបញ្ហាប្រឈម ដែលត្រូវការការគាំទ្រ ពីក្រសួងទេសចរណ៍ អាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។

ខេត្តស្ទឹងត្រែង មានសក្តានុពលខ្ពស់ សម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ដោយសម្បូរទៅដោយទន្លេ កោះ ព្រៃលិចទឹក ឆ្នេរខ្សាច់ ព្រៃសហគមន៍ ទឹកធ្លាក់ តំបន់ជម្រកសត្វព្រៃ និងសត្វផ្សោតទន្លេមេគង្គ។ សហគមន៍នានា បាននិងកំពុងរៀបចំសកម្មភាពទេសចរណ៍ចម្រុះ ដូចជា ការជិះទូកកម្សាន្តតាមដងទន្លេ ជិះកង់ ដើរព្រៃ បោះតង់ ស្ទូចត្រី ទស្សនាសត្វស្លាប មើលថ្ងៃលិច និងស្វែងយល់ពីរបៀបរស់នៅ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ថ្លែងទៅកាន់សហគមន៍ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះការចូលរួម របស់សហគមន៍ក្នុងការថែរក្សា និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ ជីវចម្រុះ និងប្រភពទឹក ព្រមទាំងការប្រើប្រាស់ធនធានទាំងនេះ ប្រកបដោយការទទួលខុសត្រូវ ដើម្បីបង្កើតមុខរបរ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋតាមរយៈវិស័យទេសចរណ៍។

ជាមួយគ្នានេះ លោក ហួត ហាក់ បានលើកទឹកចិត្តឱ្យសហគមន៍ បន្តពង្រឹងសាមគ្គីភាព និងភាពជាម្ចាស់ក្នុងការគ្រប់គ្រង តំបន់ទេសចរណ៍របស់ខ្លួន ដោយយកចិត្តទុកដាក់លើអនាម័យ បរិស្ថាន សុវត្ថិភាព គុណភាពសេវាកម្ម បដិសណ្ឋារកិច្ច និងការបង្កើតបទពិសោធន៍ថ្មីៗ សម្រាប់ភ្ញៀវទេសចរ ព្រមទាំងរក្សាឱ្យបាននូវអត្តសញ្ញាណ និងភាពដើមនៃធម្មជាតិ និងសហគមន៍មូលដ្ឋាន។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សហគមន៍មិនត្រឹមតែជាអ្នកផ្តល់សេវាទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាម្ចាស់ធនធាន ជាអ្នកអភិរក្ស និងជាតួអង្គដ៏សំខាន់ ក្នុងការបង្កើតបទពិសោធន៍ទេសចរណ៍ពិតប្រាកដ។ ការអភិវឌ្ឍទេសចរណ៍សហគមន៍ ត្រូវធានាឱ្យផលប្រយោជន៍ ពីវិស័យទេសចរណ៍ ទៅដល់ប្រជាពលរដ្ឋមូលដ្ឋានដោយផ្ទាល់ និងរួមចំណែកថែរក្សាធនធានធម្មជាតិ ឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ»។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី ក៏បានជំរុញឱ្យមានការពង្រឹងភាពជាដៃគូរវាង រដ្ឋ ឯកជន សហគមន៍ ដើម្បីរួមគ្នាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលទេសចរណ៍ ពង្រឹងស្តង់ដាសេវាកម្ម បណ្តុះបណ្តាលធនធានមនុស្ស ជំរុញការផ្សព្វផ្សាយឌីជីថល និងតភ្ជាប់សហគមន៍ទេសចរណ៍ ទៅនឹងទីផ្សារទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ៕

To Top