Feature

ក្រសួងអភិវឌ្ឍន៍ជនបទ ប្រារព្ធទិវាអន្តរជាតិ ជនជាតិដើម ភាគតិចពិភពលោក លើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ “ ការលើកតម្កើងតួនាទីឆ្មបជាជនជាតិ ដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព“

ស្ទឹងត្រែង ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសារទរទិវាអន្តរជាតិ ជនជាតិដើមភាគតិចពិភពលោកលើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ“ ការលើកតម្កើងតួនាទី ឆ្មបជាជនជាតិ ដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព” ។

ជាកិច្ចចាប់ផ្ដើម លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានសម្ដែងនូវការស្វាគមន៍ និងបានធ្វើរបាយការណ៍ ពីស្ថានភាពភូមិសាស្រ្ដ ការរីកចម្រើនសមិទ្ធផលនានាក្នុងខេត្ត ព្រមទាំងសម្ដែងនូវការ អបអរសាទរដែលបានប្រារព្ធពិធីនេះនៅលើទឹកដីនៃខេត្តស្ទឹងត្រែងនាពេលនេះ ។

បន្ទាប់មក លោកស្រី នួន មុនីចិន្ដា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើ សេចក្តីរាយការណ៍សង្ខេប អំពីសមិទ្ធផលសំខាន់ៗ ដែលនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិចសម្រេចបាន ដោយគិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ មានដូចជា ៖ ចេញលិខិតទទួលស្គាល់អត្តសញ្ញាណ សហគមន៍ជនជាតិ ដើមភាគតិចចំនួន ២២៨សហគមន៍ ដោយក្នុងនោះ ខេត្តស្ទឹងត្រែងទទួលបានលិខិតទទួលស្គាល់ អត្តសញ្ញាណសហគមន៍ ជនជាតិដើមភាគតិចពីក្រសួងអភិវឌ្ឍន៍ ជនបទចំនួន ២១សហគមន៍ ,សម្របសម្រួលអនុម័តបទបញ្ជាផ្ទៃក្នុង សហគមន៍ជនជាតិដើម ភាគតិចចំនួន ១០៥ សហគមន៍ ,រៀបចំសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយ គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិ ដើមភាគតិចចំនួន ១៨ លើក ,រៀបចំវគ្គបណ្តុះ បណ្តាលពង្រឹង សមត្ថភាពគណៈកម្មាធិការ សហគមន៍ជនជាតិដើមភាគតិចចំនួន ២០វគ្គ ដែលមានអ្នកចូលរួមសរុបចំនួន៧០០នាក់ ស្ត្រី៣០២នាក់ ,ចងក្រង ផលិត និងផ្សព្វផ្សាយ ឯកសារ ស្តីពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ល្អៗ របស់បងប្អូនជនជាតិដើមភាគតិចតាមអំបូរនីមួយៗ។ ជាមួយគ្នានោះលោក ហើន សុខ តំណាងជនជាតិ ដើមភាគតិច បានសម្ដែងនូវចំណាប់អារម្មណ៍ពីការដឹងគុណ ចំពោះរាជរដ្ឋាភិបាលដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានរៀបចំប្រារព្ធពិធីនេះឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់សិទ្ធិ សេចក្ដីថ្លៃថ្នូ អត្តសញ្ញាណ វប្បធម៌ ភាសា អភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន សម្រាប់ជនជាតិដើមភាគតិចនៅកម្ពុជា។

ក្នុងឳកាសនោះដែរ លោក ហួត ហាក់ បានធ្វើចំណាប់អារម្មណ៍ប្រកបដោយអត្ថន័យ ខ្លឹមសារបញ្ជាក់ពីកិច្ច សហប្រតិបត្តិការរវាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងទេសចរណ៍ក្នុងការចូលរួមអភិវឌ្ឍន៍ វិស័យទេសចរណ៍នៅតំបន់សហគមន៍ជនជាតិដើមភាគតិចកម្ពុជា សំដៅបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ និងសហគមន៍ជនជាតិដើមភាគតិច ឱ្យកាន់តែប្រសើរឡើង។ ជាក់ស្តែង​ ក្រសួងទេសចរណ៍បាននឹងកំពុង ជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ ទៅកាន់សហគមន៍ ជនជាតិដើមភាគតិច ដែលជួយឱ្យសហគមន៍ជនជាតិ ដេីមភាគតិច​ មានភាពរីកចម្រើន ប្រកបដោយចីរភាព និងបរិយាបន្ន។

ក្នុងពិធីនេះលោក ឆាយ ឫទ្ធិសែន បានអានសារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឳកាសអបអរសារទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣២ និងលើកទី២២ នៅកម្ពុជា និងបានថ្លែងនូវការអគុណចំពោះក្រសួង​ ស្ថាប័នពាក់ព័ន្ធ​ អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ អង្គការដៃគូរ​ ដែលបានចូលរួមយ៉ាងសកម្ម​ ក្នុងការអភិវឌ្ឍន៍​និងអភិរក្សជនជាតិដើមភាគតិចនៅកម្ពុជានាពេលកន្លងមក។

លោករដ្ឋមន្រ្ដី ក៏បានជម្រាបជូនអង្គពីធីអំពីបេសកកម្មរបស់ក្រសួងតាមរយៈការអនុវត្តនូវគោលនយោបាយជាតិ ស្តីពីការ អភិវឌ្ឍជនបទ ឆ្នាំ ២០២៥-២០៣៥ ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកប ដោយបរិយាបន្ន សមធម៌ និង ចីរភាព” ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលមានគោលដៅចម្បងចំនួន៤គឺ ៖(១) តំបន់ជនបទមានហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា (២) ប្រជាជននៅតំបន់ជនបទមានសុខភាពល្អ និងអាយុសង្ឃឹមរស់វែង (៣)ប្រជាជនរស់នៅក្នុងភូមិឋាន ដែលមានភាពសុខក្សេមក្សាន្តនិងមាន បរិស្ថានល្អ និង(៤)ប្រជាជននៅតំបន់ជនបទ មានកំណើនប្រាក់ចំណូលប្រកប ដោយចីរភាព ដោយដាក់ចេញនូវយុទ្ធសាស្រ្ត គន្លឹះនៃគោលនយោបាយជាតិធ្វើ ជាកម្មវិធីអាទិភាពចំនួន៥​ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ជាទីបញ្ចប់ រដ្ឋមន្ដ្រីទាំង២ បានផ្ដល់កិត្តិយសប្រគល់បណ្ណសរសើរជូន ដល់ថ្នាក់ដឹកនាំនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលមានស្នាដៃល្អរួមចំណែកយ៉ាងសកម្មក្នុងការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិចនៅកម្ពុជា ព្រមទាំងបានបានអញ្ជើញទស្សនាការតាំងពិព័រណ៍ផលិតផលរបស់បងប្អូនជនជាតិដើមភាគតិចផងដែរ ។
សូមជម្រាបជូនផងដែរ ពិធីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣២ និងលើកទី២២នៅកម្ពុជា  រៀបចំឡើងក្នុងគោលបំណង ៖
១. ចូលរួមអបអរសាទរជាមួយជនជាតិដើមភាគតិចលើពិភពលោក និងបងប្អូនជនជាតិដើមភាគតិចនៅកម្ពុជា។
២. បង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបងប្អូនជនជាតិដើមភាគតិច ក្នុងការលើកកម្ពស់ជីវភាព អភិរក្សវប្បធម៌ និងលើកកម្ពស់សិទ្ធិជន ជាតិដើមភាគតិច ស្របតាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច។
៣. ចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងភាសារបស់បងប្អូនជនជាតិដើមភាគតិច និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ជនជាតិដើមតិច ដោយមានការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ៕

To Top