រដ្ឋមន្រ្តីក្រសួងបរិស្ថាន អំពាវនាវ ឱ្យចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានថ្លែងជំរុញ និងអំពាវនាវឱ្យមានការ ចូលរួមសាមគ្គីគ្នាធ្វើការរួម កៀរគរធនធាន ដើម្បីជួយលើកកម្ពស់ជីវភាព សហគមន៍ តំបន់ការពារធម្មជាតិ ដែលកិច្ចសហប្រតិបត្តិការជាមួយគ្នា ត្រូវធ្វើឡើង ទាំងកម្រិតជាតិ និងអន្តរជាតិ ដោយចាត់ទុកសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដែលរួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិ កាន់តែប្រសើរ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព។

ការថ្លែងបែបនេះរបស់ លោករដ្ឋមន្រ្តីបានធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីក្នុ ងពិធីបើកវេទិកាពិភាក្សាស្តីពី «ហិរញ្ញប្បទានសម្រាប់ប្រព័ន្ធអេកូឡូស៊ី និងកសិកម្មអំណោយផលដល់ធម្មជាតិ» ដែលបានរៀបចំឡើង នៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បន្ថែមថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានដាក់ចេញ នូវយុទ្ធសាស្ត្រអាទិភាពសំខាន់ៗ ស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ ចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលផ្តោតលើយុទ្ធសាស្ត្រស្នូលធំៗគឺ «ភាពស្អាត ភាពបៃតង និងចីរភាព» ដោយបាននិងកំពុងអនុវត្តយ៉ាងមានប្រសិទ្ធភាព ដោយក្នុងនោះ ភាពស្អាតសំដៅលើគុណភាពទឹក ដី ខ្យល់ ដែលផ្តោតដំបូងលើការងារសម្អាត និងគ្រប់គ្រងសំរាម សំណល់រឹង សំណល់រាវ និងត្រួតពិនិត្យគុណភាពជាប្រចាំ។

ភាពបៃតង សំដៅទៅលើការគ្រប់គ្រងថែរក្សាធនធានធម្មជាតិ និងការជំរុញអភិវឌ្ឍបៃតង និងចីរភាព សំដៅលើយុទ្ធសាស្ត្រ ធ្វើយ៉ាងណាឱ្យវិស័យពាក់ព័ន្ធ និង ថ្នាក់ក្រោមជាតិទាំងអស់បានយល់ដឹង និងចូលរួមផុលផុសសំដៅឱ្យមាន ចីរភាពនៃការអភិវឌ្ឍ។
លោក បានថ្លែងចាត់ទុកថាវេទិកា នាពេលនេះ មានសារៈសំខាន់ ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មានការចូលរួមជំរុញ ប្រភពហិរញ្ញប្បទាន និង ការលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម អំណោយផលដល់ធម្មជាតិ ក៏ដូចជាធ្វើការពង្រឹង ជីវភាពរស់នៅ របស់សហគមន៍មូលដ្ឋាន និងការអភិរក្សប្រព័ន្ធអេកូឡូស៊ី តំបន់កាន់តែប្រសើរ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានសហការជាមួយ អង្គការ WWF-កម្ពុជា រៀបចំសិក្ខាសាលារយៈពេលពីរថ្ងៃ ចាប់បីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ស្តីពី «ហិរញ្ញប្បទាន សម្រាប់ប្រព័ន្ធអេកូឡូស៊ី និងកសិកម្មអំណោយផល ដល់ធម្មជាតិ» ដើម្បីគាំទ្រដល់អ្នកអនុវត្ត អ្នករៀបចំគោលនយោបាយ និងស្ថាប័នហិរញ្ញវត្ថុ ក្នុងការកៀរគរ និងសម្របសម្រួលប្រភពហិរញ្ញប្បទាន សម្រាប់គាំទ្រដល់កសិកម្មអំណោយ ផលដល់ធម្មជាតិ និងប្រព័ន្ធស្បៀងអាហារ នៅកម្រិតតំបន់ទេសភាព។
លោក Janes Imanuel Ginting នាយកអង្គការ WWF-កម្ពុជា មានប្រសាសន៍ថា វេទិកានាពេលនេះ គឺជាជំហានដ៏សំខាន់ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសពីក្រសួងបរិស្ថាន ឆ្ពោះទៅរកភាពស្របគ្នានៃហិរញ្ញប្បទាន គោលនយោបាយ និងភាពជាដៃគូ ដើម្បីសម្រេចបានលទ្ធផលរយៈពេលវែង សម្រាប់ការអភិរក្ស និងការអភិវឌ្ឍ៕









