Feature

កម្ពុជា វាយតម្លៃខ្ពស់ចំពោះការគាំទ្រ របស់ប្រទេសលុចសំបួ ក្នុងវិស័យសកម្មភាព មីនមនុស្សធម៌នៅកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន វាបទទួលជួប លោក Thomas Lammar ភារធារី នៃស្ថានទូតលុចសំបួ ប្រចាំឡាវ ទទួលបន្ទុកកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងលុចសំបួ ជាពិសេសការគាំទ្រ ដល់វិស័យសកម្មភាពមីន មនុស្សធម៌នៅកម្ពុជា។

ក្នុងជំនួបនេះ លោកបណ្ឌិត លី ធុជ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា និងលុចសំបួ ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាជនលុចសំបួ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម តាមរយៈការគាំទ្រគម្រោង «បោសសម្អាតមីនដើម្បីលទ្ធផល»។

លោកបានសង្កត់ធ្ងន់ថា ការគាំទ្ររបស់ប្រទេសលុចសំបួ មិនត្រឹមតែជាការបោសសម្អាតមីនសប្បុរសធម៌ប៉ុណ្ណោះទេ វាថែមទាំងរួមចំណែកដល់ការកាត់បន្ថយគ្រោះថ្នាក់ កាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ដែលធ្លាប់រងផលប៉ះពាល់។

ក្នុងឱកាសនោះ ជាមួយនឹងការលើកឡើងអំពីសមិទ្ធផលសម្រេចបាន ក្នុងវិស័យសកម្មភាពមីនរយៈពេលជាង ៣០ឆ្នាំ លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីបញ្ហាប្រឈម និងផលប៉ះពាល់អវិជ្ជមាននានានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយសារការប្រើប្រាស់ អាវុធធន់ធ្ងន់គ្រប់ប្រភេទរបស់យោធាថៃ ជាពិសេសគ្រាប់បែកចង្កោម ដែលបន្សល់ទុក នៅលើទឹកដីកម្ពុជា យ៉ាងច្រើនសន្ធឹកសន្ទាប់ ហើយតម្រូវឱ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើការដោះស្រាយជាបន្ទាន់ ត្រូវការធនធានបន្ថែម និងពេលវេលារយៈពេលយូរ ។

លោក បញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តការយកចិត្តទុកខ្ពស់ និងបានរៀបចំឱ្យមានគោលនយោបាយជាតិ ស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០២៣៥ ដោយបានដាក់ចេញនូវគោលដៅច្បាស់លាស់ ក្នុងការដោះស្រាយយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ ឆ្ពោះទៅប្រទេសកម្ពុជាមួយគ្មានផល ប៉ះពាល់ដោយសារយុទ្ធភណគ្រឿងផ្ទុះ៕

To Top