ដំណើរការប្រឡងបាក់ឌុប សម្រាប់ថ្ងៃទី២ បានចាប់ផ្ដើមហើយ

ភ្នំពេញ ៖ ដំណើរការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ១០ សីហា ២០២៦ នាព្រឹកថ្ងៃទី២ បានចាប់ផ្ដើមហើយ ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨នាក់។
ចំពោះការបើកហឹបវិញ្ញាសា នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នៅតាមមណ្ឌលប្រឡងទាំងអស់ មានការអញ្ជើញចូលរួមពីគណៈមេប្រយោគ គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន-អនុប្រធាននៅតាមមណ្ឌល និងក្រោមការត្រួតពិនិត្យដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។ ចំពោះដំណើរការសំណេរនាព្រឹកនេះមានពីរមុខវិជ្ជាគឺ៖ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ( អក្សរសាស្ត្រខ្មែរ និង រូបវិទ្យា) សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (គណិតវិទ្យា និង សីលធម៌-ពលរដ្ឋវិជ្ជា)។

សូមរំលឹកថា ដំណើរការសំណេរនាថ្ងៃទី១នេះ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។
ដំណើរការសំណេរមានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

បេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡង ព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ដោយគ្មានយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកចូលមណ្ឌលប្រឡងឡើយ។ ក្នុងដំណើរការសំណេរថ្ងៃទី១នេះ មានខេត្តចំនួន៧ រាជធានី-ខេត្ត ដែលមានភ្លៀងធ្លាក់តែមិនប៉ះពាល់ដល់ដំណើរការសំណេរឡើយ។
សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨នាក់ (ស្រី ៨៤ ៧៣៥នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៣៧ ៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១១៣ ៧៩៣នាក់ ស្មើនឹង ៧៥,២៤%។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស៕








