CMAC កម្ពុជា ៖ ភស្តុតាងក្រៅពីជនរងគ្រោះ នៅមានប្រាង្គប្រាសាទ ផ្ទះ សាលារៀន មន្ទីរពេទ្យ វត្តអារាម អាគារតូច-ធំ រាប់ម៉ឺនខ្នង រងការបំផ្លិចបំផ្លាញ ដោយយោធាថៃ

ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ភស្តុតាងក្រៅពីជនរងគ្រោះ នៅមានប្រាង្គប្រាសាទ ផ្ទះសំបែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងអគារតូច-ធំ រាប់ម៉ឺនខ្នង រងការបំផ្លិចបំផ្លាញយ៉ាងកម្រោលឃោរឃៅ ដោយយោធាថៃ មករំលោភលើទឹកដីរបស់កម្ពុជា។

ការលើកឡើងរបស់ មេ CMAC កម្ពុជា បន្ទាប់ពីភាគីថៃ ខិតខំកែប្រែប្រកែ កទម្លាក់កំហុស និងបង្វែរសាច់រឿង ពិតប្រឌិតរឿងថ្មី ដើម្បីលាក់បាំង នូវមហាពុតត្បុតរបស់ខ្លួន ក្នុងគោលបំណងមួលបង្កាច់កម្ពុជា នូវតួលេខជនភៀសសឹកចំនួនជាង ៦៥០.០០០នាក់ នៃរបាយការណ៍អង្គការសិទ្ធមនុស្ស របស់អង្គការសហប្រជាជាតិលើកឡើង។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ មេ CMAC កម្ពុជា បានបញ្ជាក់ថា តំបន់ស៊ីវិលជាក្រុង និង ភូមិចំនួន៣៤៩ ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសង្គ្រាម ដោយសារការបាញ់ ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែក និងគ្រាប់យុទ្ធភណ្ឌទូទៅ គឺមានចំនួន ៩១.៤១១គ្រួសារ គិតជាមនុស្សរាយមានចំនួន ៣៦៤.៩៨៤នាក់។

បច្ចុប្បន្ននេះ អង្គភាព CMAC បានបញ្ចប់ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានរួចរាល់ហើយ បានចំនួន ៣៣៥ភូមិ ដែលមានផ្ទៃដីរងផលប៉ះពាល់ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួនជាង ៣.៨០០គីឡូម៉ែត្រក្រឡា តួរលេខនេះ មិនគិតចំនួនក្រុង ភូមិឋាន និងចំនួនប្រជាជន ដែលបានរត់បោះបង់ចោល ដោយសារការភ័យខ្លាចនៃសង្គ្រាម ហើយរងផលប៉ះពាល់ ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមនោះទេ។

លើសពីនេះ មេ CMAC កម្ពុជា បានអះអាងថា «ភស្តុតាងក្រៅពីជនរងគ្រោះ នៅមានប្រាង្គប្រាសាទបុរាណខ្មែរ ផ្ទះសំបែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម អគារតូច ធំ រាប់ម៉ឺនខ្នងដែលរងការបំផ្លិចបំផ្លាញ យ៉ាងកម្រោលឃោរឃៅដោយការបាញ់ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែក និងអាវុធ សារធាតុគីមី កំពុងតែឈរទន្ទឹងរង់ចាំយ៉ាងសង្វេក រកយុត្តិធម៌»៕










