រដ្ឋមន្រ្តីអប់រំ សាកល្បងពាក់វ៉ែនតាឆ្លាតវៃ តែដូចជាមិនឆ្លាតជាងមុនសោះ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា លោកសាកល្បងពាក់វ៉ែនតាឆ្លាតវៃ ប៉ុន្តែដូចជាមិនឆ្លាតជាងមុនសោះ ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ដែលត្រូវជាថ្ងៃទី២នៃការប្រឡងសញ្ញាបត្រទុតិយភូមិ ឬហៅកាត់ថា ប្រឡងបាក់ឌុបនោះ លោក ហង់ជួន ណារ៉ុន បានលើកឡើងពីករណីបេក្ខជនពាក់វ៉ែនតាឆ្លាតវៃពេលកំពុងដំណើរការប្រឡងកាលពីថ្ងៃទី១ថា វ៉ែនតាឆ្លាតវៃអាចជួយសិស្សបាន ទាល់តែសិស្សត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនឯងទើបអាចទទួលលទ្ធផលបាន។

សូមបញ្ជាក់ថា ការលើកឡើងរបស់រដ្ឋមន្រ្តីអប់រំបែបនេះ ដោយសារកាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ដែលត្រូវជាថ្ងៃប្រឡងទី១របស់បេក្ខជនជាង១៥ម៉ឺននាក់ដែលបានដាក់ពាក្យប្រឡងនោះ នៅមណ្ឌលប្រឡងសាលាបឋមសិក្សា២ធ្នូ ខេត្តស្វាយរៀង មានករណីចាប់បានបេក្ខជននាំចូលទៅក្នុងបន្ទប់ប្រឡង នូវវ៉ែនតា និងទូរសព្ទឆ្លាតវៃ ។
ក្រោយចាប់បានបេក្ខជន ត្រូវបានកត់ត្រាក្នុងកំណត់ហេតុពិសេស ហើយឧបករណ៍អេឡិកត្រូនិក (វ៉ែនតាឆ្លាតវៃ និងទូរសព្ទឆ្លាតវៃ) ដែលបេក្ខជនបាននាំចូលក្នុងបន្ទប់ប្រឡងត្រូវបានរឹបអូសទុក។ ក្រសួងអប់រំ យុវជន និងកីឡា នឹងចាត់វិធានការណ៍ចំពោះករណីនេះតាមគោលការណ៍ជាធរមាន។

ក្រសួងអប់រំ យុវជន និងកីឡា ក្រើនរំលឹកដល់បេក្ខជនប្រឡងគ្រប់រូប ក្នុងការគោរពតាមការណែនាំផ្សេងៗទាក់ទងនឹងការហាមឃាត់មិនឱ្យនាំចូលឧបករណ៍អេឡិកត្រូនិកចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង ឱ្យបានខ្ជាប់ខ្ជួន៕


