ប្រឡងបាក់ឌុបនាព្រឹកថ្ងៃទី២ បញ្ចប់ដោយរលូន ពុំមានបញ្ហាអ្វី

ភ្នំពេញ ៖ ដំណើរការសំណេរប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)នាព្រឹកថ្ងៃទី២ នេះ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។
ក្រសួងអប់រំ យុវជន និងកីឡាបានបានឱ្យដឹងថា ដំណើរការសំណេរនៅព្រឹកថ្ងៃទី២នេះ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
ក្រសួងបន្តថា បេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡង ព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ដោយគ្មានយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកចូលមណ្ឌលប្រឡងឡើយ។ ក្នុងដំណើរការសំណេរថ្ងៃទី២នេះ មានខេត្តចំនួន៣ខេត្ត ដែលមានភ្លៀងធ្លាក់តែមិនប៉ះពាល់ដល់ដំណើរការសំណេរឡើយ។
ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២ មាន២មុខវិជ្ជាគឺ៖ អក្សរសាស្ត្រ និងរូបវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ៕








