សិស្សធ្លាក់ថ្នាក់ទី១១ម្នាក់ បន្លំចូលមណ្ឌលប្រឡង ដោយគ្មានឈ្មោះ ព្រោះខ្លាច ឪពុក-ម្តាយ ស្តីបន្ទោស
ភ្នំពេញ ៖ សិស្សធ្លាក់ថ្នាក់ទី១១ ម្នាក់ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ មិនមានឈ្មោះក្នុងបញ្ជីប្រឡងបាក់ឌុប ឆ្នាំ២០២៦ ធ្វើជាចូលមកមណ្ឌលប្រឡង នៅកំពង់ខេត្តចាម ដោយខ្លាច ឪពុក-ម្តាយ ស្តីបន្ទោស ព្រោះឪពុក-ម្តាយ មិនដឹងថា «កូនបានប្រឡងធ្លាក់ តាំងពីថ្នាក់ទី១១មក»។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា សិស្សឈ្មោះ សឿន វិសា ជាសិស្សប្រឡងធ្លាក់ថ្នាក់ទី១១ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ បានមកមណ្ឌលប្រឡង និងចូលក្នុងមណ្ឌលប្រឡង ព្រោះបានកុហកឪពុកម្តាយថា ខ្លួនមានឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង១០សីហា២០២៦។

ក្រោយពីពិនិត្យផ្ទៀងផ្ទាត់រួច គឺមិនមានឈ្មោះសិស្សនេះក្នុងបញ្ជីបេក្ខជនប្រឡងទេ ហើយគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្ត ក្រុមការងារ អ.ប.ព. ប្រចាំខេត្ត និង ភាគីពាក់ព័ន្ធបាន អញ្ជើញឳពុករបស់សិស្ស មកធ្វើការធានាអះអាង និង ទទួលស្គាល់កូន ព្រមទាំងទទួលស្គាល់ថា កូនរបស់ខ្លួន ពិតជាប្រឡងធ្លាក់តាំងពីថ្នាក់ទី១១មកម្លេះ ហើយពិតជាមិនមានឈ្មោះ ក្នុងបញ្ជីឈ្មោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ និងមិនបានមកប្រឡងជំនួសអ្នកណានោះឡើយ ព្រមទាំងបាន ធ្វើកំណត់ហេតុ និងណែនាំសិស្ស សឿន វិសា មិនអោយប្រព្រឹត្តកំហុសបែបនេះបន្តទៀត ព្រមទាំងសន្យាកែខ្លួននៅ ចំពោះមុខគណៈកម្មាការទាំងអស់ ព្រមទាំងចំពោះមុខឪពុករបស់ខ្លួនផងដែរ៕

