Feature

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល ចែកប័ណ្ណ ម.ស.ស និងផ្តល់អំណោយ ដល់ពលរដ្ឋ រស់នៅក្នុងអង្គការ CCF

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជួប សំណេះសំណាល ចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) និងផ្តល់អំណោយដល់ប្រជាពលរដ្ឋ រស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) ចំនួន ១,០៥១គ្រួសារ ស្មើនឹងចំនួន ៤,៦៨៤នាក់ ។

ការចែកប័ណ្ណនៅថ្ងៃនេះ គឺមានចំនួន ៥៥៩ប័ណ្ណ ដោយក្នុងនោះប្រជាពលរដ្ឋ ចំនួន ២០៤នាក់ ទទួលបានប័ណ្ណថ្មី និងប្រជាពលរដ្ឋចំនួន ៣៥៥នាក់ ទទួលបានការបន្តសុពលភាពប័ណ្ណ ។

មានប្រសាសន៍ចាប់ផ្តើម លោកជំទាវបណ្ឌិត បាននាំយកបណ្តាំសួរសុខទុក្ខ ដោយក្តីនឹករលឹកពី សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់លោកតាលោកយាយ អ៊ំពូមីង បងប្អូន កូនៗ ក្មួយៗ ដែលរស់នៅក្នុងអង្គការទាំងមូល។

ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បានថ្លែងអរគុណ និងកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងអង្គការមូលនិធិកុមារកម្ពុជា ដែលបានសហការគ្នាយ៉ាងសកម្មដើម្បីឧបត្ថម្ភ គាំទ្រ ជួយដល់ប្រជាពលរដ្ឋ កុមារ ក្រុមគ្រួសារ ដែលកំពុងជួបការលំបាក និងមានតម្រូវការជាប់ជាប្រចាំ។

សម្រាប់ការចែកប័ណ្ណនៅថ្ងៃនេះ លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ប័ណ្ណនេះ គឺសម្រាប់គាំពារសុខភាព ដែលជួយកាត់បន្ថយបន្ទុក ចំណាយរបស់គ្រួសារ និងជួយសម្រួលដល់ការទៅពិនិត្យព្យាបាលជំងឺនានា ដែលបង្ហាញអំពីការគិតគូរ យកចិត្តទុកដាក់យ៉ាងដិតដល់ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជីវភាព សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់ ដោយឈរលើស្មារតី មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ឡើយ ។

លោកជំទាវបណ្ឌិត ថ្លែងថា ប្រជាពលរដ្ឋដែលមានប័ណ្ណ ម.ស.ស នេះ អាចទៅមន្ទីរពេទ្យរដ្ឋ និងឯកជនចំនួន ១៤៣កន្លែង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងរាប់ពាន់កន្លែងផ្សេងទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា គិតត្រឹមឆមាសទី១ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋ រស់នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានប្រជាពលរដ្ឋរស់នៅនិងទទួលការឧបត្ថម គាំទ្រ ពីអង្គការមូលនិធិកុមារកម្ពុជាចំនួន១០៥១គ្រួសារ ស្មើនិង៤៤៦៨៤នាក់ ស្រី១២២៤នាក់ និងមានកុមារ ចំនួន២០៣៥នាក់។

គិតមកដល់បច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្របសម្រួល ផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងអង្គការមូលនិធិកុមារកម្ពុជាចំនួន៤លើក ស្មើនិងជាង៤០០០ប័ណ្ណ។ សព្វថ្ងៃនេះប្រជាពលរដ្ឋ ដែលទទួលបានអំណោយដ៏ថ្លៃថ្លា ពីសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានចំនួន១០៥១គ្រួសារ មានប្រជាពលរដ្ឋចំនួន៥៥៩នាក់ ដែលនឹងត្រូវទទួលបាន ប័ណ្ណមូលនិធិសមធម៌សុខាភិបាលថ្មី ក្នុងនោះធ្វើថ្មីចំនួន២០៤ប័ណ្ណ និងបន្តសុពលភាពចំនួន៣៥៥ប័ណ្ណ៕

To Top