Feature

កម្ពុជា ប្រឈមនឹងបន្ទុកមនុស្សធម៌ថ្មី បង្កឡើងដោយភាគីថៃ ដោយមានយុទ្ធភណ្ឌគ្រឿងផ្ទុះតាមសហគមន៍

ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា កម្ពុជាកំពុងប្រឈមនឹងបន្ទុកមនុស្សធម៌ថ្មី បង្កឡើងដោយជម្លោះព្រំដែន កម្ពុជា-ថៃ ដោយមានផលប៉ះពាល់ថ្មី​ ពីយុទ្ធភណ្ឌគ្រឿងផ្ទុះនៅតាមសហគមន៍ និងតំបន់មួយចំនួន។

ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ (CfRV) នៅទីស្នាក់ការអាជ្ញាធរមីន នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអូស្ត្រាលី អ៊ីតាលី លុចសំបួ និងនូវែលសេឡង់ ព្រមទាំង UNDP និងដៃគូអភិវឌ្ឍន៍ទាំងអស់ ចំពោះការបន្តគាំទ្រ និងភាពជាដៃគូដ៏មានតម្លៃក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។

លោកបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍហើយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃតាមមធ្យោបាយសន្តិវិធី តាមរយៈការសន្ទនា ការទូត ច្បាប់អន្តរជាតិ និងយន្តការទ្វេភាគី និងពហុភាគី ព្រមទាំងបន្តផ្តល់អាទិភាពដល់សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមតំបន់ព្រំដែន។

ក្នុងរយៈពេលជិត ២ទសវត្សរ៍ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលបានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០០៦ បានរួមចំណែកបោសសម្អាត និងប្រគល់ដីដែលរងផលប៉ះពាល់ដោយមីនប្រមាណ ៤២៧ គីឡូម៉ែត្រការ៉េ ត្រឡប់ទៅប្រើប្រាស់ដោយសុវត្ថិភាព ស្មើប្រមាណ ១៣.៥% នៃផ្ទៃដីបោសសម្អាតមីនសរុប ៣,៦៣៤ គីឡូម៉ែត្រការ៉េ របស់កម្ពុជា ព្រមទាំងរួមចំណែកលើកកម្ពស់ជីវភាព កសិកម្ម និងការអភិវឌ្ឍសហគមន៍។ បន្ទាប់ពីអនុវត្តបាន ៤ដំណាក់កាល គម្រោងបានឈានចូលដំណាក់កាលទី៥ (២០២៦–២០៣០) ដោយផ្តោតលើការភ្ជាប់សកម្មភាពមីនជាមួយការអភិវឌ្ឍមនុស្ស ជីវភាព ការគាំពារជនរងគ្រោះ សមភាពយេនឌ័រ និងការប្រើប្រាស់ដីដែលបានបោសសម្អាតឱ្យមានផលិតភាព។

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោង CfRV បានប្រគល់ដីសរុប ៣,៧៦៧,៥៨៤ ម៉ែត្រការ៉េ (៣.៧៧ គីឡូម៉ែត្រការ៉េ) និងរកឃើញ និងកម្ទេច មីនប្រឆាំងមនុស្ស ៥៨គ្រាប់ និង សំណល់ជាតិផ្ទុះពីសង្គ្រាម ១,០១២គ្រាប់។ គម្រោងក៏បានគាំទ្រឱ្យ មនុស្សមានពិការភាព ២,៤៦៤នាក់ ទទួលបានសេវាស្តារនីតិសម្បទា ក្នុងនោះជនរងគ្រោះដោយមីននិងសំណល់ជាតិផ្ទុះមាន ១,៧៤៦នាក់ ព្រមទាំងឆ្លើយតបកិច្ចការ EOD ចំនួន ៧៣០លើក និងផ្តល់ការអប់រំអំពីហានិភ័យមីន និងសំណល់ជាតិផ្ទុះដល់ប្រជាពលរដ្ឋ ៩,៧៣១នាក់។

ទន្ទឹមនឹងសមិទ្ធផលទាំងនេះ លោកបណ្ឌិត លី ធុជ បានបញ្ជាក់ថា «កម្ពុជាកំពុងប្រឈមនឹងបន្ទុកមនុស្សធម៌ថ្មី ដែលបង្កឡើងដោយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយមានផលប៉ះពាល់ថ្មីពីយុទ្ធភណ្ឌគ្រឿងផ្ទុះនៅតាមសហគមន៍ និងតំបន់មួយចំនួន ដែលធ្លាប់ត្រូវបានបោសសម្អាត និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ដោយសុវត្ថិភាព។ ស្ថានភាពនេះបានបង្កើនតម្រូវការបន្ទាន់សម្រាប់ការសិក្សាស្រាវជ្រាវទីតាំង ការបោសសម្អាត និងការអប់រំអំពីហានិភ័យ ជាដើម»។

ក្នុងបរិបទនេះ លោកបណ្ឌិត លី ធុជ បានអំពាវនាវឱ្យ ដៃគូអភិវឌ្ឍន៍ និងមិត្តភក្តិអន្តរជាតិ បន្តផ្តល់ការគាំទ្រ និងសាមគ្គីភាពជាមួយកម្ពុជា ដើម្បីរួមគ្នាការពារជីវិតប្រជាពលរដ្ឋ ស្តារសហគមន៍ឱ្យមានសុវត្ថិភាពឡើងវិញ និងរក្សាសមិទ្ធផលដែលកម្ពុជាសម្រេចបានតាមរយៈកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាព និងសកម្មភាពមីនអស់រយៈពេលជាច្រើនទសវត្សរ៍៕

To Top