អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្ម ចូលរួមការពារសន្តិសុខ ការប្រឡងបាក់ឌុបដោយជោគជ័យ
ភ្នំពេញ៖ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដែលជាថ្ងៃបញ្ចប់នៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមយ៉ាងសកម្ម ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ការចូលរួមរបស់កងកម្លាំងនេះ គឺជាផ្នែកមួយនៃការសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាដំណើរការប្រឡងទាំងមូលប្រព្រឹត្តទៅដោយរលូន ប្រកបដោយសុវត្ថិភាពខ្ពស់ មានសណ្តាប់ធ្នាប់ល្អប្រសើរ និងបង្កលក្ខណៈងាយស្រួលបំផុត ដល់បេក្ខជន អាណាព្យាបាល ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់។ វត្តមានរបស់កងរាជអាវុធហត្ថ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការទប់ស្កាត់រាល់បាតុភាពមិនប្រក្រតីនានា ដែលអាចកើតឡើង ក្នុងអំឡុងពេលប្រឡង។
តាមរយៈការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្កកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបំពេញបេសកកម្មរបស់ខ្លួន ដោយជោគជ័យ រួមចំណែក ធ្វើឱ្យសម័យប្រឡងបាក់ឌុបឆ្នាំនេះ ប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំ និងធានានូវបរិយាកាសប្រឡងមួយប្រកបដោយទំនុកចិត្ត សម្រាប់សិស្សានុសិស្សទាំងអស់៕












































