សម្ដេចធិបតី បញ្ជាអាជ្ញាធរខេត្តស្ទឹងត្រែង ទប់ស្កាត់បទល្មើសនានា ធ្វើយ៉ាងណាកុំឱ្យខេត្ត ជាសេដ្ឋកិច្ចខ្មៅ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាដល់អាជ្ញាធរខេត្តស្ទឹងត្រែង ត្រូវបន្ដទប់ស្កាត់បទល្មើសគ្រឿងញៀន និងបទល្មើសនានា ដើម្បីធ្វើយ៉ាងណាកុំឱ្យខេត្ត ជាប់ពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចខ្មៅ។
ការដាក់ចេញនូវបទបញ្ជារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦។
សម្តេចធិបតី បន្ដថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃខេត្តខេត្តស្ទឹងត្រែង បន្តពង្រឹង ការទប់ស្កាត់បទល្មើស នានាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន ។ សម្ដេច ក៏បានចាត់ទុកខេត្តស្ទឹងត្រែង ជាអាទិភាពសំខាន់មួយលើកិច្ច សន្តិសុខសង្គម។
លើសពីនេះ សម្ដេចធិបតី បានធ្វើការកោតសរសើរចំពោះរដ្ឋបាលខេត្តស្ទឹងត្រែង ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងអ្នកពាក់ព័ន្ធទាំងអស់ បានចូលរួមក្នុងថែរក្សា និងទប់ស្កាត់បទល្មើសគ្រឿងញៀន ព្រមទាំងបទល្មើសនានា នៅតាមព្រំដែន ដែលចូលមកកម្ពុជា ដើម្បីធ្វើការឆ្លងកាត់តែប៉ុណ្ណោះ។
សម្ដេចធិបតី មានប្រសាសន៍ថា «ខ្ញុំសូមឱ្យអាជ្ញាធរខេត្ត បន្ដនូវកិច្ចការនេះឱ្យបានយកចិត្តទុកដាក់ ធ្វើយ៉ាងណាខេត្តយើង។ កុំឱ្យមានពាក់ព័ន្ធជាមួយអ្វីដែរគ្រោះថ្នាក់ ជារួមសេដ្ឋកិច្ចខ្មៅ យកចូលក្នុងខេត្តឱ្យសោះ»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា ត្រូវធ្វើម៉េចទប់ទល់ក្រុមបណ្ដាញឧក្រិដ្ឋកម្មមិនថានៅក្នុងខេត្ត ឬមួយក៏ឆ្លងខេត្ត ឬឆ្លងប្រទេស គឺត្រូវតែរួមគ្នាទប់ស្កាត់ឱ្យបាន និងទប់ស្កាត់ឱ្យបានម៉ឹងម៉ាត់ ព្រោះបើខេត្តមានមុខមាត់អាក្រក់ហើយ គឺលំបាកលាងសម្អាតណាស់ ដូច្នេះត្រូវថែរក្សាឱ្យបាន ក្នុងការទប់ស្កាត់បញ្ហានេះផងដែរ ៕









