Feature

លោក ខូយ រីដា អញ្ជើញចូលរួមអបអរសាទរ ពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៦ នៅព្រៃសហគមន៍ តាព្រះខ្សាច់ល្អិត ស្រុកក្រគរ ខេត្ត ពោធិ៍សាត់

ស្រុកក្រគរ ៖ នាថ្ងៃពុធ ១៤រោច ខែទុតិយាសាធ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ពិធីអបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើង នៅបរិវេណព្រៃសហគមន៍ តាព្រះខ្សាច់ល្អិត ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ពិធីនេះមានការចូលរួមពី លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋានជាច្រើនរូប ។

ពិធីរុក្ខទិវា គឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការដាំដើមឈើ ថែរក្សា និងការពារធនធានព្រៃឈើ ព្រមទាំងរួមចំណែកការពារបរិស្ថាន និងធនធានធម្មជាតិឱ្យមាននិរន្តរភាព។

ក្នុងឱកាសនេះ អ្នកចូលរួមបានរួមគ្នា ដាំកូនឈើ និងបន្តផ្សព្វផ្សាយសារៈសំខាន់នៃការអភិរក្សព្រៃឈើ ដោយជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមថែរក្សាព្រៃសហគមន៍ និងបង្កើនការដាំដើមឈើនៅតាមមូលដ្ឋាន ។

ការរៀបចំពិធីនេះ ក៏ជាការបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមថែរក្សាបរិស្ថាន ការពារធនធានធម្មជាតិ និងបង្កើនគម្របព្រៃឈើ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ និងមនុស្សជំនាន់ក្រោយ៕

អត្ថបទនេះដោយ ÷ ខេម៉ា | ដើមអម្ពិល

To Top