សម្តេចធិបតីប្រកាសថា នឹងសាងសង់ផ្លូវពីបានលុង ទៅតំបន់កន្ទុយនាគ
ភ្នំពេញ ៖ ខណៈគម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែននៅកម្ពុជា គិតត្រឹមខែសីហា ឆ្នាំ២០២៦ នេះ សម្រេចលទ្ធផលបានជាង ៩៥% ហើយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញបទបញ្ជា ឱ្យក្រុមអ្នកជំនាញខាងវិស្វកម្ម កសាងផ្លូវពីតំបន់បានលុងទៅតំបន់កន្ទុយនាគ ទោះបីជាជួបការលំបាក យ៉ាងណាក៏ដោយ ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតីប្រាប់ក្រុមអ្នកជំនាញ ខាងវិស្វកម្មកសាងផ្លូវ នៅក្រវ៉ាត់ព្រំដែនថា ទោះបីជាពិបាកយ៉ាងណាក៏ដោយ ត្រូវតែពុះពារជំនះ ធ្វើផ្លូវឱ្យបានពីបានលុង ទៅកន្ទុយនាគក្នុងខេត្តរតនគិរី ដើម្បីឱ្យកូនខ្មែរបានទៅលេងកម្សាន្ត និងស្គាល់ពីតំបន់កន្ទុយនាគ ដែលជាតំបន់មុំបីរវាងកម្ពុជា-វៀតណាម និងឡាវ ដោយមិនចាំបាច់ឆ្លងកាត់ តាមប្រទេសវៀតណាមទៀត ។
សម្តេចធិបតីបន្តថា “ឥឡូវយើងកំពុងដាក់ក្នុងគម្រោងដែលរៀបចំផ្លូវ៧៨កន្លះ ពីបានលុងទៅកន្ទុយនាគ ។ តំបន់កន្ទុយនាគ គឺតំបន់អត់ទាន់មានអ្នកណាទៅទេ ពីខាងដីយើងបើចូលទៅឥឡូវកន្លែងចោតពេក ចឹងទាល់តែសុំចូលពីខាងវៀតណាមបានមកវិញ” ។
សូមបញ្ជាក់ថា តំបន់កន្ទុយនាគ គឺជាទឹកដីភូមិភាគឦសានដ៏ពិសិដ្ឋរបស់កម្ពុជា ស្ថិតក្នុងស្រុកតាវែង ខេត្តរតនគិរី និងជាចំណុចប្រសព្វព្រំដែនរវាងប្រទេសទាំងបី (មុំបី) គឺកម្ពុជា ឡាវ និងវៀតណាម។ តំបន់នេះ សម្បូរទៅដោយធនធានធម្មជាតិ ជីវៈចម្រុះ និងទេសភាពព្រៃភ្នំដ៏ស្រស់ស្អាត តែស្ថិតនៅក្នុងស្ថានភាពដាច់ស្រយាល ដោយសារស្ថានភាពដីភ្នំចោតខ្លាំង និងព្រៃក្រាស់ ដែលកន្លងមកពុំទាន់មានប្រជាពលរដ្ឋ ឬអ្នកទេសចរអាចធ្វើដំណើរផ្ទាល់ពីខាងដីកម្ពុជាទៅដល់ឡើយ៕
