Feature

អាស៊ាន បន្តយកចិត្តទុកដាក់ខ្ពស់ លើការសម្របសម្រួល ជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានរំលឹកថា ប្រទេសជាសមាជិកអាស៊ាន បានបន្តយកចិត្តទុកដាក់ខ្ពស់ លើការជួយសម្របសម្រួលបញ្ហា ជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងរំលឹកជនរួមជាតិថា ក្នុងអាណត្តិជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៥ ម៉ាឡេស៊ី បានខិតខំសម្របសម្រួល ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ យ៉ាងសកម្ម ដោយសម្រេចបានលទ្ធផលធំៗ ជាច្រើន ។ ក្នុងនោះមានដូចជា កិច្ចព្រមព្រៀងឈប់បាញ់ពីរលើក និងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀង សន្តិភាពគូឡាឡំាពួរ ក្រោមការជួយជ្រោមជ្រែងយ៉ាងពេញទំហឹង ពីសហរដ្ឋអាម៉េរិកនិងការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។

លោកបន្តថា ម៉ាឡេស៊ីក៏បានសម្របសម្រួលបញ្ហាជាច្រើនទៀតដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។ បន្ថែមពីលើនេះ ប្រទេសហ្វីលីពីន ក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦ ក៏បានប្តេជ្ញាដើរតួនាទីសម្របសម្រួលដើម្បីធ្វើយ៉ាងណាឱ្យសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ត្រូវបានគោរពយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព ។
អ្នកនាំពាក្យគូសបញ្ជាក់ថា “នេះសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់អាស៊ាន និងការបន្តយកចិត្តទុកដាក់ខ្ពស់ លើការសម្របសម្រួល ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ”។

បើតាមលោកប៉ែន បូណា ស្របពេលអាស៊ាន បានដើរតួនាទីសម្របសម្រួលលើជម្លោះព្រំដែននេះ យន្តការអ្នកសង្កេតការណ៍អាស៊ាន ត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ តាមរយៈសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងគូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ជាសាក្សី៕

To Top