រដ្ឋមន្ត្រីសាធារណការ ៖ ការធ្វើជំរឿនតាមប្រព័ន្ធឌីជីថល នឹងពង្រឹងការគ្រប់គ្រងមន្ត្រីរាជការ និងលុបបំបាត់ភាពមិនប្រក្រតី
ភ្នំពេញ ៖ ដំណើរការធ្វើជំរឿនមន្ត្រីរាជការស៊ីវិល គឺជាយន្តការដ៏សំខាន់ ក្នុងការបង្កើតប្រព័ន្ធរួមមួយ ដើម្បីចែករំលែកទិន្នន័យ និងបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងចំនួនមន្ត្រីរាជការ ជាក់ស្តែងនៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន។

នេះជាការលើកឡើងរបស់ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោយពេលលោក បានធ្វើជីវមាត្រ ក្នុងយុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅក្នុងរចនាសម្ព័ន្ធក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។
លោក រដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា យុទ្ធនាការជំរឿននេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ការងារគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស រួមមាន៖

១-ការបង្កើតប្រព័ន្ធទិន្នន័យរួម៖ អាចឱ្យយើងមានប្រព័ន្ធមួយរួម ដែលជាប្រព័ន្ធអាចចែករំលែក ទិន្នន័យ ក៏ដូចជាការគ្រប់គ្រង នូវចំនួនមន្ត្រីរាជការនៅក្នុងក្រសួង ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន។
២-ការគ្រប់គ្រងវត្តមាន និងប្រាក់បៀវត្ស៖ អាចឱ្យយើងគ្រប់គ្រងមន្ត្រីក្នុងក្រសួង ទាំងចំនួនពិតប្រាកដដែលមកបម្រើការងារ វត្តមានមន្ត្រី ក៏ដូចជាការគ្រប់គ្រងប្រាក់បៀវត្ស ដែលរាល់ថ្ងៃរាជរដ្ឋាភិបាល បានគិតគូរយកចិត្តទុកដាក់ ទាំងប្រាក់បៀវត្ស របបនយោបាយ និងការលើកទឹកចិត្តផ្សេងៗ ទៅតាមបរិមាណមន្ត្រីរាជការដែលមាននៅក្នុងក្រសួង ស្ថាប័ន។
៣-ការពង្រឹងសមត្ថភាពធនធានមនុស្ស៖ អាចជួយដល់ការពង្រឹងធនធានមនុស្សទៅតាមអង្គភាពនីមួយៗ ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ដោយសារមកទល់ពេលនេះ នៅតាមអង្គភាពនីមួយៗ មានមន្ត្រីដែលកំពុងបម្រើការងារមិនត្រូវតាមជំនាញ តួនាទី ភារកិច្ច។
៤-ការលុបបំបាត់ភាពមិនប្រក្រតី៖ យន្តការនេះនឹងលុបបំបាត់នូវរាល់ភាពមិនប្រក្រតីទាំងឡាយ រវាងចំនួនមន្ត្រីដែលមាននៅក្នុងបញ្ជី និងមន្ត្រីដែលធ្វើទិន្នន័យជាក់ស្តែង។
លោក ប៉េង ពោធិ៍នា បានបន្ថែមថា កិច្ចការងារនេះ មិនមែនក្រសួង ស្ថាប័នទើបតែធ្វើនោះទេ គឺក្រសួង ស្ថាប័ន បានធ្វើក្នុងយន្តការក្របខ័ណ្ឌ របស់ខ្លួនរួចមកហើយ ប៉ុន្តែដើម្បីឱ្យមានភាពច្បាស់លាស់ និងមានសង្គតិភាពតាមប្រព័ន្ធទិន្នន័យ ជំហានថ្មីនាពេលនេះ គឺការធ្វើឡើងតាម «ប្រព័ន្ធឌីជីថល» ដែលអាចគ្រប់គ្រងបានច្បាស់លាស់ជាងមុនបន្ថែមទៀត។
គួរបញ្ជាក់ថា យុទ្ធនាការធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ គឺជាផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងអភិបាលកិច្ច តម្លាភាព និងធានាការប្រើប្រាស់ធនធានមនុស្ស ក៏ដូចជាថវិកាជាតិឱ្យមានប្រសិទ្ធភាព ស្របទៅនឹងបរិបទនៃរដ្ឋាភិបាលឌីជីថល៕
