ករណីសូឡា ៨លានរៀល ! ក្រសួងមហាផ្ទៃ ណែនាំឱ្យចាត់វិធានការ ជាបន្ទាន់លើមន្ដ្រីទាំងឡាយណា ជាប់ពាក់ព័ន្ធ
ភ្នំពេញ ៖ ករណីភ្លើងសូឡា តម្លៃ ៨លានរៀល នៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង, ក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលមានការពាក់ព័ន្ធគប់គិតគ្នាក្នុងការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែសីហា ឆាំ្ន២០២៦ ថា អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ថា ថ្មីៗនេះ មានការផ្សាយតាមបណ្តាញសារព័ត៌មាននិងបណ្តាញសង្គមនានាជាច្រើន ពាក់ព័ន្ធភាពមិនប្រក្រតី នៃដំណើរការរៀបចំនិងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបង្គោលនិងអំពូលសូឡាមានតម្លៃរហូតដល់ ៨.០០០.០០០រៀលក្នុង១ដើម ដែលតម្លៃនេះខ្ពស់ជាង តម្លៃទីផ្សារហួសហេតុ។
ពាក់ព័ន្ធនឹងករណីនេះ កន្លងមក អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចាត់មន្ត្រីជំនាញឱ្យ ចុះពិនិត្យ ស៊ើបអង្កេតស្រាវជ្រាវ ដោយរកឃើញមានភាពមិនប្រក្រតីនៃដំណើរការរៀបចំនិងអនុវត្តគម្រោង មូលនិធិរបស់រដ្ឋបាលឃុំចំនួន៥នៃខេត្តកំពង់ឆ្នាំង ក្នុងនោះក៏មានរដ្ឋបាលឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងផងដែរ។
ផ្អែកលើមូលដ្ឋាននេះ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់ រដ្ឋបាលខេត្តកំពង់ឆ្នាំងឱ្យចាត់វិធានការ ជាបន្ទាន់លើមន្ត្រីទាំងឡាយណា ដែលមានការពាក់ព័ន្ធគប់គិតគ្នាក្នុងការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ ទាំង៥ខាងលើមិនបានត្រឹមត្រូវតាមគោលការណ៍ច្បាប់និងនីតិវិធីកំណត់ ដោយត្រូវចាត់វិធានការវិន័យឬ ទណ្ឌកម្មឱ្យបានម៉ឺងម៉ាត់បំផុតស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាធារណជន ទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការតាមដាននិងវាយតម្លៃ ជាប់ជាប្រចាំលើកិច្ចការអភិវឌ្ឍ មូលដ្ឋាន កត្តានេះបានជួយពង្រឹងភាពម្ចាស់ការ ស្វ័យភាព តម្លាភាព គណនេយ្យភាពនិងសមត្ថភាព ឆ្លើយតបរបស់រដ្ឋបាលឃុំ សង្កាត់ចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ សំដៅរួមចំណែកក្នុងការអភិវឌ្ឍតាមបែបប្រជាធិតេយ្យ នៅមូលដ្ឋានប្រកបដោយចីរភាពនិងសមធម៌សង្គម ៕
