លោក កើត រិទ្ធ ប្រាប់ភាគីអាម៉េរិក ពីជំហររាជរដ្ឋាភិបាល បោសសម្អាត Online Scam

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រាប់ភារធារី នៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា អំពីគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

ក្នុងឱកាស លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម លោកស្រី Aleks Zittle ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងយុត្តិធម៌ និងស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាងមន្ត្រីអនុវត្តច្បាប់ នៃប្រទេសទាំងពីរ ជាពិសេសលើការងារប្រឆាំងហិរញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។

ជាកិច្ចឆ្លើយតប ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ប្រាប់ លោកស្រី Aleks Zittle អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី និងលោកស្រី Aleks Zittle បានបញ្ជាក់អំពីការបេ្ដជ្ញាចិត្ត ក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តការល្អ រវាងមន្ត្រីអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក៏ដូចជា ការបន្តនូវកិច្ចសន្ទនា និងការចែករំលែកព័ត៌មានគ្នាទៅវិញទៅមក សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការប្រឆាំងការសម្អាតប្រាក់ ក៏ដូចជា ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

សូមបញ្ជាក់ថា ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា គឺការប្តេជ្ញាចិត្តខ្ពស់បំផុត និងម៉ឺងម៉ាត់ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយកំណត់ការងារនេះជាអាទិភាពគន្លឹះខ្ពស់បំផុតពាក់ព័ន្ធនឹងសន្តិសុខសង្គម សុវត្ថិភាពពលរដ្ឋ និងកិត្តិយសជាតិនៅលើឆាកអន្តរជាតិ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលដៅច្បាស់លាស់ថា «ក្រោយពីបោសសម្អាតហើយ គឺមិនឱ្យវិលត្រឡប់មកវិញជាដាច់ខាត» ខណៈរយៈពេល ៦ខែដើមឆ្នាំ២០២៦ នេះ សមត្ថកិច្ចនៃក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំដោយ បង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានជិត ៥០០ទីតាំង និងឃាត់ខ្លួនមនុស្សដែលពាក់ព័ន្ធជាច្រើននាក់នៅទូទាំងប្រទេស៕








