Feature

ទេសរដ្ឋមន្រ្តី លី ធុជ ៖ ការគាំទ្រ និងបទពិសោធន៍របស់កម្ពុជា និងតួកគីយ៉េ នឹងបន្តជំរុញឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួប លោក Mesut Özcan ឯកអគ្គរដ្ឋទូតតួកគីយ៉េ ប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកម្ពុជា និងតួកគីយ៉េ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន។

លោក Mesut Özcan បានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានពង្រីកទៅលើវិស័យជាច្រើន រួមទាំងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅតួកគីយ៉េ។

ឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងភាពជាដៃគូកម្ពុជា–តួកគីយ៉េ និងបានលើកឡើងពីការចូលរួមរបស់តួកគីយ៉េ ក្នុងការរួមចំណែកដោះស្រាយបញ្ហាមីននៅកម្រិតសកល ។

ពាក់ព័ន្ធនឹងសកម្មភាពមីន លោកទេសរដ្ឋមន្ត្រី លី ធុជ បានចែករំលែកថា កម្ពុជាបានប្រែក្លាយពីប្រទេសដែលរងផលប៉ះពាល់ដោយមីនយ៉ាងធ្ងន់ធ្ងរ ទៅជាប្រទេសដែលមានសមត្ថភាព ជំនាញ និងបទពិសោធន៍ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ក្នុងវិស័យសកម្មភាពមីនមនុស្សធម៌។

ទន្ទឹមនឹងសមិទ្ធផលទាំងនេះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាកំពុងប្រឈមនឹងបញ្ហាប្រឈមថ្មី ពាក់ព័ន្ធនឹងយុទ្ធភណ្ឌគ្រឿងផ្ទុះដែលបង្កឡើងដោយជម្លោះព្រំដែនកម្ពុជា–ថៃ នៅតាមសហគមន៍ និងតំបន់មួយចំនួន ដែលធ្លាប់ត្រូវបានបោសសម្អាត និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ដោយសុវត្ថិភាព។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានកោតសរសើរចំពោះការគាំទ្ររបស់តួកគីយ៉េចំពោះសកម្មភាពមីនអន្តរជាតិ និងគូសបញ្ជាក់ថា បទពិសោធន៍ ជំនាញ និងការគាំទ្ររបស់កម្ពុជា និងតួកគីយ៉េ អាចបំពេញបន្ថែមគ្នា ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងរួម ឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តោតលើការចែករំលែកបទពិសោធន៍ និងចំណេះដឹង ការកសាងសមត្ថភាព និងការរួមចំណែកដល់សកម្មភាពមីនមនុស្សធម៌សកល៕

To Top