Feature

លោក នេត្រ ភក្ត្រា ៖ AOT ជាកែវភ្នែកនៃការពិត ដើម្បីការពារបទឈប់បាញ់ និងសន្តិភាព

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា បទឈប់បាញ់មិនអាចការពារខ្លួនឯងបាននោះទេ បើគ្មានការឃ្លាំមើល និងការផ្ទៀងផ្ទាត់ បទឈប់បាញ់អាចនៅសល់ត្រឹម តែជាការប្តេជ្ញាចិត្តលើក្រដាសប៉ុណ្ណោះ។ នេះហើយជាមូលហេតុដែលក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team-AOT) មានភាពចាំបាច់ក្នុងការរក្សាសន្តិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦បានថ្លែងថា នៅក្នុងស្ថានភាពព្រំដែន ដែលមានភាពរសើប ឧបទ្ទវហេតុតូចមួយ អាចក្លាយជាការចោទប្រកាន់ ការចោទប្រកាន់អាចបង្កើតភាពតានតឹង ហើយភាពតានតឹងអាចនាំ ទៅរកការប្រឈមមុខប្រដាប់អាវុធជាថ្មី។ AOT មានតួនាទីកាត់ផ្តាច់ខ្សែសង្វាក់គ្រោះថ្នាក់នេះ តាមរយៈការចុះសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍អង្គហេតុពីទីតាំងជាក់ស្តែង។

លោកបន្តថា នៅពេលមានការអះអាងផ្ទុយគ្នា សន្តិភាពមិនអាចពឹង ផ្អែកលើពាក្យរបស់ភាគីណាមួយបានទេ។ សន្តិភាពត្រូវការអង្គហេតុ ដែលអាចផ្ទៀងផ្ទាត់បាន។ AOT ផ្តល់នូវ «កែវភ្នែកអព្យាក្រឹតនៅលើដី» ដែលជួយបំបែកអង្គហេតុចេញពីការអះអាង កាត់បន្ថយការយល់ច្រឡំ ទប់ស្កាត់ការគណនាខុស និងបង្កើនគណនេយ្យភាព ចំពោះការអនុវត្តបទឈប់បាញ់។
សំខាន់ជាងនេះ AOT មិនមែនគ្រាន់តែចុះទៅកត់ត្រាអ្វីដែលបានកើតឡើងទេ។ វត្តមានរបស់ AOT គឺជាយន្តការបង្ការ។

លោកបញ្ជាក់ថា នៅពេលសកម្មភាពនៅលើដីអាចត្រូវបានសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ ជួយបង្កើនការប្រុងប្រយ័ត្ន ការអត់ធ្មត់ និងការទទួលខុសត្រូវរបស់គ្រប់ភាគី។
ហេតុនេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងដល់ AOT និងការពង្រឹងតួនាទីរបស់ក្រុមនេះ ដើម្បីអាចចូលទៅដល់ទីតាំងពាក់ព័ន្ធបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ។ ការផ្ទៀងផ្ទាត់ដែលមិនអាចទៅដល់ទីតាំង គឺជាការផ្ទៀងផ្ទាត់មិនពេញលេញ , បទឈប់បាញ់ ដែលគ្មានការផ្ទៀងផ្ទាត់ប្រកបដោយប្រសិទ្ធភាព គឺជាបទឈប់បាញ់ដែលនៅតែងាយរងគ្រោះ។

រដ្ឋមន្រ្តីបន្ថែមថា នេះមិនមែនជាបញ្ហាថា AOT ឈរនៅខាងអ្នកណាទេ។ AOT ត្រូវឈរនៅខាងអង្គហេតុ នៅខាងបទឈប់បាញ់ និងនៅខាងសន្តិភាព។ AOT មិនមែនមានតួនាទី រង់ចាំមើលថាតើបទឈប់បាញ់នឹងបរាជ័យឬអត់ទេ។ តួនាទីរបស់ AOT គឺជួយកុំឱ្យវាបរាជ័យ ព្រោះបទឈប់បាញ់ ដែលអាចជឿទុកចិត្តបាន ត្រូវតែអាចផ្ទៀងផ្ទាត់បាន។ អ្វីដែលអាចផ្ទៀងផ្ទាត់បាននៅលើដី គឺជាអ្វីដែលអាចជួយការពារសន្តិភាពបាន៕

To Top