ក្រសួងអប់រំ មានគោលនយោបាយច្បាស់លាស់ ធានាឱ្យពលរដ្ឋកម្ពុជា គ្រប់រូបទទួលបានការអប់រំ ប្រកបដោយគុណភាព

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានមានគោលនយោបាយច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការធានាឱ្យប្រជាពលរដ្ឋកម្ពុជា គ្រប់រូបទទួលបានការអប់រំ ប្រកបដោយគុណភាព និងឥរិយាបថល្អ។
ជាក់ស្ដែងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសកម្មភាពអាទិភាព និងគម្រោងថវិកាឆ្នាំ២០២៧។

ប្រធានបទសំខាន់ៗមួយចំនួន ត្រូវបានលើកយកមកពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំនេះ រួមមាន៖ សកម្មភាពអាទិភាព របស់ក្រសួងអប់រំ យុវជន និងកីឡា, ការរៀបចំរចនាសម្ព័ន្ធថវិកាកម្មវិធី និងការគ្រោងផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ ដែលរួមបញ្ចូលថវិកា ផ្ទេរទៅថ្នាក់ក្រោមជាតិ, ការគ្រោងចំណូល និងចំណាយឆ្នាំ២០២៧, គម្រោងចំណាយព្យួរ តាមកម្មវិធី ជូនថ្នាក់ដឹកនាំសម្រេច, មតិសំណេះសំណាល និងអនុសាសន៍។
ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា មានគោលនយោបាយច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការធានាឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ពោរពេញដោយចំណេះដឹង បំណិន វិន័យ សីលធម៌ និងឥរិយាបថល្អ ព្រមទាំងសុខភាពល្អ កាយសម្បទារឹងមាំ និងការសិក្សាពេញមួយជីវិត ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងបញ្ចកោណទី១ (ការអភិវឌ្ឍមូលធនមនុស្ស), បញ្ចកោណទី៣ (ការអភិវឌ្ឍវិស័យឯកជន និងការងារ) និងបញ្ចកោណទី៥ (ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល) និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
ក្នុងន័យនេះ ក្រសួង នឹងបន្តយកចិត្តទុកដាក់ជំរុញ ការអនុវត្តគម្រោងចាំបាច់មួយចំនួន ដើម្បីគាំទ្រដល់ការលើកកម្ពស់ គុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ដូចជា ការអនុវត្តស្តង់ដាសាលារៀនគំរូ, កម្មវិធីអន្តរជាតិ ដើម្បីវាយតម្លៃ លទ្ធផលនៃការសិក្សា PISA និងតេស្តរង្វាយតម្លៃថ្នាក់តំបន់ SEA-PLM, សាលារៀនជំនាន់ថ្មី, សកម្មភាពអំណានដំបូង និងគណិតវិទ្យាដំបូង, ការអនុវត្តគន្លងអប់រំថ្មី, ការបណ្ដុះបណ្ដាលគ្រូ, កម្មវិធីអាហារូបករណ៍សិស្សក្រីក្រ និងគរុសិស្ស-និស្សិត, កម្មវិធីផ្ដល់អាហារតាមសាលារៀន, សកម្មភាពអភិវឌ្ឍយុវជន, ការសិក្សាស្រាវជ្រាវលើវិស័យអប់រំ និងកម្មវិធីសំខាន់ៗជាច្រើនផ្សេងទៀត៕








