ក្រុមប្រឹក្សាពិគ្រោះយោបល់ នៃគម្រោងលើកកម្ពស់ សុវត្ថិភាពនិង សុខភាពការងារ បើកកិច្ចប្រជុំលើកដំបូង ដើម្បីពិនិត្យលើវឌ្ឍនភាពគម្រោង

ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ នៃគម្រោងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ នៃគម្រោងលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានសមាសភាពចូលរួមពី ថ្នាក់ដឹកនាំក្រសួងការងារ អ្នកជំនាញការរបស់អង្គការអន្តរជាតិខាងការងារ តំណាងអន្តរក្រសួង តំណាងសមាគមនិយោជក សហជីព និងដៃគូអភិវឌ្ឍន៍ ។

លោកស្រីបានគូសបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ នៃគម្រោងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារនាឱកាសនេះ ពិតជាមានសារៈសំខាន់ និងបានចូលរួមចំណែកបន្ថែមទៀត ក្នុងការលើកកម្ពស់ការ យកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាព និងសុខភាពការងារ ដែលជារបៀបវារៈមួយ ដ៏សំខាន់នៅក្នុងវិស័យការងារ។ តាមរយៈកិច្ចសហការជាមួយភាគីពាក់ព័ន្ធជាច្រើន រួមមាន រាជរដ្ឋាភិបាល អង្គការវិជ្ជាជីវៈរបស់និយោជក អង្គការវិជ្ជាជីវៈ របស់កម្មករនិយោជិត និងដៃគូអភិវឌ្ឍន៍ក្នុងការធានាថា សកម្មភាពរបស់គម្រោងអាចឆ្លើយតបនឹងតម្រូវការជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ចីរភាព និងបរិយាបន្ន។

លោកស្រីបានមានប្រសាសន៍បន្ថែមថា ក្រុមប្រឹក្សាពិគ្រោះយោបល់នេះជាវេទិកាសម្រាប់ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តគម្រោង ផែនការការងារ លទ្ធផលសម្រេចបាន បញ្ហាប្រឈម និងទិសដៅការងារបន្ត តាមរយៈ ភាគីពាក់ព័ន្ធអាចផ្តល់ធាតុចូល និងយោបល់ ដើម្បីឱ្យសកម្មភាពគម្រោង ឆ្លើយតបកាន់តែប្រសើរទៅនឹងស្ថានភាពជាក់ស្តែង និងអាទិភាពជាតិផ្នែកសុវត្ថិភាពនិងសុខភាពការងារ។

ក្នុងឱកាសនេះ លោកស្រីវេជ្ជបណ្ឌិត Yuka Ujita អ្នកជំនាញការជាន់ខ្ពស់ផ្នែកសុវត្ថិភាពនិងសុខភាព ការងាររបស់អង្គការអន្តរជាតិខាងការងារ បានលើកឡើងអំពី វិសាលភាពនៃការអនុវត្តគម្រោងនេះ ផ្ដោតសំខាន់ទៅលើក្របខ័ណ្ឌចំនួន ៣កម្រិត រួមមាន ថ្នាក់តំបន់ ថ្នាក់ជាតិ និងថ្នាក់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ។ នៅកម្រិតថ្នាក់តំបន់ គម្រោងផ្តោតលើការអភិវឌ្ឍ និងចែករំលែកចំណេះដឹង បទពិសោធ និងនវានុវត្តន៍ ពាក់ព័ន្ធនឹងសុវត្ថិភាពនិងសុខភាពការងារ (OSH)។ នៅកម្រិតថ្នាក់ជាតិ គម្រោងផ្តោតលើការពង្រឹងក្របខ័ណ្ឌច្បាប់ គោលនយោបាយ យន្តការសម្របសម្រួល និងប្រព័ន្ធទិន្នន័យសុវត្ថិភាពនិងសុខភាពការងារ។ ចំណែកនៅកម្រិតកន្លែងធ្វើការ គម្រោងផ្តោតលើការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ និយោជក កម្មករនិយោជិត និងអ្នកអនុវត្តផ្នែកសុវត្ថិភាពនិង សុខភាពការងារ ដើម្បីអាចកំណត់ គ្រប់គ្រង និងបង្ការហានិភ័យនៅកន្លែងធ្វើការ ឱ្យបានកាន់តែមានប្រសិទ្ធភាព។

អង្គប្រជុំបានឯកភាពនិងកោតសរសើរ លើវឌ្ឍនភាពការងារ នៃគម្រោងដែលសម្រេចបាន និងប្តេជ្ញាបន្តគាំទ្រនិងធានានិរន្តរភាពគម្រោង ដោយពិនិត្យលទ្ធភាពអនុវត្តលើវិស័យនិងសកម្មភាពអាទិភាព ជាពិសេសការពង្រឹងសមត្ថភាពផ្នែកសុវត្ថិភាពនិងសុខភាពការងាររបស់ភាគីពាក់ព័ន្ធ តាមរយៈការបណ្តុះបណ្តាល អប់រំ និងផ្សព្វផ្សាយ៕
















