គ.ជ.ប រៀបចំការប្រឡងជ្រើសរើស មន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី បម្រើការងារនៅ ល.ខ.ប ខេត្តសៀមរាប

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប រួមជាមួយលោក ស៊ុំ ប៊ុនហុង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ និងលោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តសៀមរាប បានដឹកនាំគណៈកម្មការ រៀបចំការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប (ល.ខ.ប) សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
វិញ្ញាសាប្រឡង ដាក់ក្នុងស្រោមសំបុត្របិទជិត ត្រូវបានកាត់និងបើកនៅចំពោះមុខបេក្ខជនទាំងអស់ ដោយលោក ឌឹម សុវណ្ណារុំ។
នៅមុនការចាប់ផ្តើមប្រលង លោក ឌឹម សុវណ្ណារុំ បានមានប្រសាសន៍ថា ការចូលរួមរបស់បេក្ខជន សរុបទាំងអស់៦០នាក់ មានអត្ថន័យធំធេងណាស់ មិនត្រឹមតែប្រលងយកមុខតំណែងជាប់ឬធ្លាក់ប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់បានចូលរួម អនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជាងនេះទៀត ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត លោក ឌឹម សុវណ្ណារុំ បានសង្កត់ធ្ងន់ថានៅប្រទេសខ្លះ ដូចជានៅសាធារណរដ្ឋកុងហ្គោ នៅឆ្នាំ២០២៣ ការរៀបចំចុះឈ្មោះបោះឆ្នោត មិនបានល្អបានបង្កជាហិង្សា និងបានផ្តាច់អាយុជីវិតមនុស្ស អស់ជាច្រើននាក់ ហើយសហរដ្ឋអាមេរិក ដែលត្រូវបានគេឲ្យតម្លៃថាជាបិតាប្រជាធិបតេយ្យ និងទើបតែប្រារព្ធខួប២៥០ឆ្នាំ នៅតែមិនទាន់ឯកភាពគ្នាទៅលើការរៀបចំបញ្ជីបោះឆ្នោត ដោយខាងគណបក្សសាធារណរដ្ឋ របស់លោក Donald Trump ទាមទារឲ្យមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទើបអាចបោះឆ្នោតបាន ដើម្បីចៀសវាងការលួចបន្លំ ប៉ុន្តែខាងគណបក្សប្រជាធិបតេយ្យរបស់លោក Joe Biden ថាមិនចាំបាច់ចុះឈ្មោះមុនទេ ក៏អាចបោះឆ្នោតបាន ដើម្បីកុំឲ្យប៉ះពាល់សិទ្ធ នៃអ្នកបោះឆ្នោត ដោយឡែក នៅកម្ពុជាយើង បាននិងកំពុងអនុវត្តបានដូចអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ពីសិទ្ធិបោះឆ្នោត និងចែងក្នុងច្បាប់ ដើម្បីបោះឆ្នោតបាន ទាល់តែមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
វិលមកការប្រឡងវិញ តាមប្រសាសន៍របស់លោក ឌឹម សុវណ្ណារុំ ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា រយៈពេលខ្លី ត្រូវបានអនុវត្ត ដោយផ្អែកលើគោលការណ៍សមត្ថភាព បទពិសោធន៍ តម្លាភាព និងសមភាព ដើម្បីធានាថា បេក្ខជនដែលមានសមត្ថភាព និងបទពិសោធន៍សមស្រប ត្រូវបានជ្រើសរើសឱ្យបំពេញការងារប្រកបដោយប្រសិទ្ធភាព ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅខេត្តសៀមរាប។
លោក បានបន្តទៀតថា ដំណើរការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ត្រូវបានអនុវត្ត តាមរយៈការប្រឡង និងការវាយតម្លៃសមត្ថភាពជាច្រើន ដំណាក់កាល សម្រាប់មុខតំណែង គ្រូបង្ហាត់ផ្នែកទ្រឹស្តី លេខាធិការ ជំនួយការរដ្ឋបាល ជំនួយការគណនេយ្យ និងជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម ការប្រឡងរួមមានការប្រឡងសរសេរ QCM និងការសម្ភាសន៍។ ដោយឡែក សម្រាប់មុខតំណែង គ្រូបង្ហាត់ដែលអាចប្រើប្រាស់កុំព្យូទ័រ និងការីកុំព្យូទ័រ ការប្រឡងរួមមាន QCM តាមប្រព័ន្ធកុំព្យូទ័រ ធ្វើតេស្តកុំព្យូទ័រ និងការសម្ភាសន៍។
ការរៀបចំការប្រឡង និងការវាយតម្លៃជាច្រើនដំណាក់កាលនេះ គឺដើម្បីធានាឱ្យដំណើរការជ្រើសរើស ប្រព្រឹត្តទៅដោយ តម្លាភាព ត្រឹមត្រូវ ស្មើភាព និងមានប្រសិទ្ធភាព ព្រមទាំងអាចជ្រើសរើសបាននូវបេក្ខជន ដែលមានសមត្ថភាពសមស្របទៅនឹងមុខតំណែងនីមួយៗ។
សម្រាប់ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា រយៈពេលខ្លី ដើម្បីបម្រើការងារនៅ ល.ខ.ប ខេត្តសៀមរាប បេក្ខជននឹងត្រូវជ្រើសរើស ចំនួន៣១រូប លើបេក្ខជនសរុបចំនួន៦០នាក់
គឺ៖
– គ្រូបង្ហាត់ ចំនួន ២៦រូប
– លេខាធិការ ចំនួន ១រូប
– ការីកុំព្យូទ័រ ចំនួន ១រូប
– ជំនួយការរដ្ឋបាល ចំនួន ១រូប
– ជំនួយការគណនេយ្យ ចំនួន ១រូប
– ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម ចំនួន ១រូប។
ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា រយៈពេលខ្លីនេះ គឺជាផ្នែកមួយនៃការត្រៀមលក្ខណៈ និងពង្រឹងធនធានមនុស្សរបស់ គ.ជ.ប ដើម្បីបំពេញការងារពាក់ព័ន្ធ នឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ឱ្យប្រព្រឹត្តទៅដោយរលូន ប្រសិទ្ធភាព តម្លាភាព និងស្របតាមច្បាប់ និងនីតិវិធីដែលបានកំណត់។
ជាចុងក្រោយ លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នឹងមានរយៈពេល ៥៥ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងនាមសមាជិក គ.ជ.ប លោលក៏បានអំពាវនាវ ជូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ឱ្យបានគ្រប់ៗគ្នា ដើម្បីធានាការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងអាចប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់ខ្លួន ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេស៕


























