Feature

តើសហជីព ដែល​ដឹកនាំកម្មករ​ធ្វើ​បាតុ​កម្ម និង​ប្រមូល​​លុយ​ពីបរ​ទេស អាច​ចាត់​ទុកថា​ជា «សហ​ជីព​ឯក​រាជ្យ» ដែរ​ឬ​ទេ?

ភ្នំពេញ៖ សហជីពត្រូវបាន​ចាត់ទុកថា​ ជាស្ថាប័ន​​តំណា​ង​ឱ្យផលប្រយោជន៍​របស់​កម្មករ និង​និយោជិត ជា​ពិ​សេ​ស​ក្នុងការការ​ពារសិទ្ធិ លក្ខខណ្ឌ​ការងារ ប្រាក់​ឈ្នួល និង​សុខុ​មាល​ភាពនៅកន្លែងធ្វើការ។ ទន្ទឹមនឹង​នេះ ការ​អនុ​វត្ត​សិទ្ធិ​​សហ​ជីព ដូច​ជា​ការ​ចរ​ចា​រួម ការ​ធ្វើ​កូដ​កម្ម ឬ​កា​រ​តវ៉ា ក៏ត្រូវ​ស្ថិត​ក្រោម​ក្រប​ខណ្ឌ​នៃ​ច្បាប់​ផងដែរ។

ក្នុងបរិបទនេះ សំណួរមួយ​ដែលតែង​តែត្រូវ​បាន​លើក​ឡើង គឺ​ថា តើ​សហ​ជីព​ដែ​លដឹក​នាំក​ម្មក​រធ្វើ​បាតុ​កម្ម ឬកូ​ដ​​កម្ម និង​សហជីព​ដែលទទួល​បានការ​គាំទ្រផ្នែក​ហិរញ្ញ​វត្ថុ​ពី​អង្គ​ការ ឬដៃ​គូ​បរ​ទេស អាច​ចាត់​ទុក​ថាជា «សហជីព​ឯករាជ្យ»ដែ​រឬ​ទេ?

លោក សំ សឿន ប្រធាន​សហជីព​ពលកម្ម​ជាតិ​កម្ពុជា​(NLC)​បាន​ថ្លែងថា៖«បង​ប្អូនយើងខ្លះ​នៅតែយល់​ច្រឡំ​ថា សហ​ជីព​ឯករាជ្យ គឺ​សំដៅ​ដល់​សហជីព​ដែល​ប្រឆាំង រិះ​គន់ ​ដឹក​នាំកម្មករ​ធ្វើបាតុ​កម្ម និងធ្វើជា​ដៃជើ​ងឱ្យ​ជនប​រ​ទេ​ស។ វាមិនសំដៅបែ​បហ្នឹង​ទេប​ងប្អូន យើងគួ​រតែឱ្យ​តម្លៃ​លើសហ​ជីពដែល​ធ្វើការ​ងារ​មាន​វិជ្ជាជី​វៈត្រឹម​ត្រូវ​តាម​ច្បាប់ និង​ឈរលើផ​លប្រ​យោជ​ន៍រួ​មរបស់​កម្មករ ​ហើយ​ក៏លើក​ឡើងពី​បញ្ហាដែ​លត្រូវ​កែល​ម្អនៅ​ពេល​មាន​ការ​ខ្វះ​ខាត​ដែរ»។

លើសពីនេះលោ​កថា ភាពឯករា​ជ្យរបស់សហ​ជីព មិន​គួ​រត្រូ​វបា​នវាស់​តាមសកម្ម​ភាពថា សហជីពមួ​យដឹក​នាំក​ម្ម​ករ​ធ្វើ​បាតុកម្ម ឬសហជី​ពដែល​ទទួល​បានលុ​យពីប​រទេ​ស​នោះ​ទេ។ អ្វី​ដែល​សំ​ខាន់ គឺ​ត្រូវ​ពិនិត្យ​ថា តើ​សហ​ជីព​នោះ​អាច​ធ្វើការសម្រេច​ចិត្តដោយ​ឯក​រាជ្យ មាន​តម្លា​ភាព និង​អា​ចតំណាង​ឱ្យផលប្រ​យោជន៍​របស់​កម្មករ​និយោ​ជិត​បា​នកម្រិតណា។

បើតាម​លោក សំ សឿន ​កម្ពុជាមិន​មែនជា​ប្រទេស​ដែល​អាក្រក់​​ដូច​ដែល​ពួក​គេ​បាន​ចោទ​នោះ​ទេ ប៉ុន្ដែ​កម្ពុជា​តែង​តែ​ប្រៀប​ធៀប​ខ្លួន​ឯងជា​មួយ​ប្រទេស​ដទៃ​ផ្សេង​ទៀត ដែល​មាន​​អង្គ​ការ​អន្ត​រជាតិ​ខាង​ការ​ងារ(ILO), គម្រោង​ប៊ី​ហ្វែ​ស​ស៊ី(BFC) និងម្ចាស់ពា​ណិជ្ជសញ្ញា​(Brand)​ទាំង​អស់​​ជាសាក្សីថា កម្ពុជាពិតជា​អនុវត្តន៍​បានល្អយ៉ា​ងណា​ខ្លះ​ក្នុ​ងរយៈពេល ២០ឆ្នាំ​ម​កនេះ ពាក់​ព័ន្ធនឹង​លក្ខ​ខណ្ឌ​ការ​ងារ និង​សេរីភា​ពរបស់​អង្គ​ការវិជ្ជា​ជីវៈ។

ចំណែក​លោក អ៊ុន ដារ៉ា ប្រធាន​សហភា​ពសហ​ជីពក​ម្ពុ​ជា​ពន្លឺ​កម្មករ​បាន​ថ្លែង​ថា ប្រសិនបើ​សហ​ជីពណា​មួយ​ដែល​បាន​ទទួល​មូល​និធិ ឬជំនួយ​ពី​បរទេស គឺ​មាន​ន័យ​ថា សហជីព​នោះបាន​បាត់បង់​ភាព​ឯករាជ្យ​របស់ខ្លួន​រួច​ទៅ​ហើយ ព្រោះ​​មូ​លនិធិ​នោះ អាច​ទាញ​យកផ​លប្រ​យោ​ជន៍ និងអាច​បង្គាប់​បញ្ជាថ្នាក់​ដឹកនាំ​សហជីព​នោះ​ឱ្យធ្វើ​តាម​ផែន​ការ​ម្ចាស់​លុយ​។

លោកបញ្ជាក់​ថា៖​«ការដែល​សហជីព​ណាមួយ​ទទួលបា​ន​មូល​និធិ ឬជំនួយ​ពីបរទេ​ស គួរតែ​មាន​ការពិនិត្យ​ឱ្យបាន​ច្បា​ស់​ថា តើមូលនិធិនោះមានភ្ជាប់ជាមួយលក្ខខណ្ឌ ឬ​ឥទ្ធិ​ពល​ណាមួយ​លើការ​សម្រេច​ចិត្តរបស់​សហជីព​ដែរ​ឬទេ។ ប្រសិនបើ​អ្នកផ្តល់មូលនិ​ធិអាចប្រើ​ប្រាស់​ជំនួ​យនោះ​ ដើម្បី​ទាញយក​ផលប្រយោជន៍ ឬមាន​ឥទ្ធិពល​រហូត​ដល់អាច​បង្គាប់ប​ញ្ជាថ្នាក់ដឹ​កនាំសហ​ជីពឱ្យអនុ​វត្ត​តា​មបំណងរបស់ខ្លួន នោះវាអាច​ប៉ះពាល់ដល់​ភាពឯករា​ជ្យ​របស់​ស​ហជីព​យ៉ាងធ្ង​ន់ធ្ងរ»។

ជាមួយគ្នានេះ លោក​បានអំពាវ​នាវ​សហ​ជីពមួយ​ចំនួន ​មិន​គួរប្រើ​ការធ្វើ​បាតុ​កម្ម ឬប្រភព​មូលនិធិជា​មូល​ដ្ឋាន ដើម្បី​ដាក់​ស្លាក​ថា សហជី​ពណា​មួយ «ឯក​រាជ្យ» ឬ «មិន​ឯក​រាជ្យ»នោះ​ឡើយ។ លោក​ថា ការពង្រឹង​តម្លា​ភាព គណ​នេ​យ្យ​​ភា​ព និងការ​ចូលរួមរបស់​សមាជិក គឺជា​មូល​ដ្ឋាន​សំខាន់ស​ម្រាប់កសាង​សហជីពដែ​លមាន​ភាពជឿ​ទុក​ចិ​ត្ត និងអាច​តំណាងឱ្យកម្មករបានយ៉ាងពិតប្រាកដ។

សម្រា​ប់ក្រសួង​​ការងារ និងប​ណ្ដុះប​ណ្ដាល​វិជ្ជាជីវៈ បាន​យក​ចិ​​ត្ត​ទុកដាក់ខ្ព​ស់ក្នុងការលើក​កម្ពស់អង្គ​ការវិជ្ជា​ជីវៈ ដើម្បី​​ឱ្យឆ្លើយ​តបនឹងបម្រែ​បម្រួល​រចនាសម្ព័​ន្ធសេដ្ឋកិច្ច-សង្គម ក៏ដូច​​ជាជំរុញ​កំណើ​នសេដ្ឋកិច្ច និងពង្រឹង​សុខុមា​ល​​ភា​ពសង្គម តាមរយៈការ​ចូលរួមយ៉ាង​សកម្មក្នុងការ​អនុ​វ​ត្តយុ​ទ្ធ​សាស្ត្រ និងគោល​នយោបាយ​ជាតិសំខា​ន់​ៗ​មួយ​ចំនួនដែល​រាជរដ្ឋាភិបា​លបាន​ដាក់ចេញ​កន្លង​មក​៕

To Top