សម្តេចតេជោ ៖ Facebook , TikTok , AI មានក្រមសីលធម៌ ជាងមនុស្សទៀត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា បណ្តាញទំនាក់ទំនងសង្គម Facebook , TikTok និងបញ្ញាសិប្បនិម្មិត(AI)មានក្រមសីលធម៌ជាខ្លាំង ចុះហេតុអ្វីក្រសួងស្ថាប័នរបស់រដ្ឋ មិនព្រមចាត់វិធានការរឿងអសីលធម៌លើបណ្តាញសង្គម?។
ក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា ក្រសួងព័ត៌មាន ត្រូវពិនិត្យឱ្យបានជាប់ជានិច្ចនៅលើបណ្តាញសង្គមរឿងក្រមសីលធម៌ និងការជេរប្រមាថនានា ខណៈបណ្តាញសង្គមនានាដូចជា Facebook , TikTok និងបញ្ញាសិប្បនិម្មិត(AI) មានក្រមសីលធម៌ជាខ្លាំង ព្រោះឱ្យតែធ្វើអ្វីខុសឆ្គងមួយ បណ្តាញសង្គមទាំងនោះនឹងមិនអនុញ្ញាតឱ្យទេ។
សម្តេចតេជោបន្តថា “ក្រសួងព័ត៌មានមើលឱ្យច្បាស់តាមឱ្យជាប់ ។ ពេលខ្លះខ្ញុំសូមជម្រាបយើងធូររលុងខ្លាំងណាស់ បើនិយាយពីក្រមសីលធម៌នៃហ្វេសប៊ុក ក្រមសីលធម៌នៃតិកតុក ក្រមសីលធម៌នៃ AI គេខ្លាំងជាងយើងទៀត ។ ហេតុអ្វីបានជាយើងជាស្ថាប័នរដ្ឋយើងមិនអាចធ្វើបានថាគេរារាំង ឥឡូវបើចង់រារាំងសិទ្ធិទៅបន្ទោសហ្វេសប៊ុក ទៅបន្ទោសតិកតុក ទៅបន្ទោស AI ។ AI តឹងរឹងណាស់”។
សម្តេចតេជោមានប្រសាសន៍ទៅកាន់ក្រសួងកិច្ចការនារីថា ត្រូវតែចាត់ការដោយដាក់បណ្តឹងការពារស្រ្តីរងគ្រោះ ហើយតុលាការគ្រប់ជាន់ថ្នាក់ត្រូវតែអនុវត្តចាត់ចែងលើសំណុំរឿងការប្រមាថ និងបំផ្លាញសេចក្តីថ្លៃថ្នូរសង្គមពីសំណាក់បុគ្គលមួយចំនួន។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចាប់ពីពេលនេះតទៅត្រូវរៀបចំយន្តការដើម្បីពិនិត្យមើលឌិតដល់លើការតាមដានករណីលើបុគ្គលរំលោភសីលធម៌សង្គម តាមរយៈការជេរបញ្ចោរគ្នាតាមហ្វេសប៊ុក ពិសេសរឿងអ្នកលក់អនឡាញ ៕








