ព័ត៌មានជាតិ

សម្ដេចតេជោ ជំរុញស្ដ្រីដាក់ពាក្យប្រឡង ចូលបម្រើការជាស្មៀនឃុំ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យស្ដ្រីដាក់ពាក្យប្រឡងប្រកួតប្រជែងចូលបម្រើការជាស្មៀនឃុំ  ដើម្បី ​បម្រើការជូន​ប្រជាពលរដ្ឋនៅមូលដ្ឋាន ។
 
ក្នុងកិច្ចប្រជុំ ក្រមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោ បានដាក់ចេញគោលដៅឆ្នាំ២០៥០ឱ្យមានស្ត្រីធ្វើស្មៀនឃុំ និងសង្កាត់ ឱ្យបាន៥០ភាគរយ ព្រោះនៅពេលស្មៀនចូលនិវត្តន៍នឹងមានការជ្រើសរើសថ្មី ដូច្នេះជំរុញស្រ្តីដាក់ពាក្យចូលប្រឡង ។
សម្តេចតេជោក៏បានលើកទឹកចិត្តដល់ស្ត្រីឱ្យប្រឹងប្រែងប្រកួតប្រជែង​​យក​តំណែងជាស្មៀនឃុំ និងសង្កាត់ ដើម្បីក្លាយ​ជាមន្រ្ដី​ក្របខណ្ឌ​របស់ក្រសួងមហាផ្ទៃ​ ។
សម្ដេចតេជោបានណែនាំឱ្យការប្រឡងជ្រើសរើសស្រ្ដីជាស្មៀនឃុំ ត្រូវអ្នកនៅក្នុងមូលដ្ឋាន និងប្រឡងដោយយុត្ដិធម៌ និងតម្លាភាព ដើម្បីជៀសវៀង​ការទទួល​រងភាព​អយុត្ដិធម៌ចំពោះប្រជាពលរដ្ឋ។
សម្តេចតេជោបញ្ជាក់ថា “ខ្ញុំលើកទឹកចិត្តឱ្យស្រ្តីយើងប្រណាំងប្រជែងដើម្បីយកតំណែងស្មៀនឃុំ។ ពេលខ្ញុំចុះទៅខេត្តកំពង់ស្ពឺ ខ្ញុំមានមោទនភាព ដោយឃើញស្ត្រីជាស្ត្រីស្មៀនឃុំមានច្រើន ហើយភាគច្រើនរៀនចប់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបានប្រឡងជាប់ជាស្មៀនឃុំ” ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា យ៉ាងហោចណាស់ត្រូវមានស្រ្តីម្នាក់ជាប់ឆ្នោតក្នុង១ឃុំ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាឆ្នាំ២០២៧ខាងមុខ ។ ការលើកឡើងរបស់សម្តេចបែបនេះ បន្ទាប់ពីសម្តេចបានចុះតាមខេត្តចំនួន២៣ខេត្តហើយ ប៉ុន្តែអត់មានស្រ្តីនៅថ្នាក់ឃុំទាល់តែសោះ។
 
ជាមួយគ្នានេះ សម្តេចតេជោបន្ថែមថា នៅគ្រប់ឃុំត្រូវពង្រាយស្រ្តីឱ្យដូចទៅនឹងការពង្រាយស្រ្តីនៅថ្នាក់ស្រុកនិងខេត្ត ៕

To Top