Feature

រដ្ឋមន្រ្តីអប់រំ ៖ ទំនាក់ទំនងកម្ពុជា-សិង្ហបុរីឈានដល់កម្រិតថ្មី តាមរយៈការកើនឡើងនៃវិនិយោគ

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា បច្ចុប្បន្ន ទំនាក់ទំនងដៃគូរវាងកម្ពុជា-សិង្ហបុរីបានឈាន ដល់កម្រិតថ្មីមួយ តាមរយៈការកើនឡើង នៃវិនិយោគសិង្ហបុរី នៅកម្ពុជានិងវិស័យមួយចំនួនទៀត ។

ក្នុងឱកាសចូលរួមអបអរសាទរខួបលើកទី៦១ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសិង្ហបុរី នាល្ងាចថ្ងៃទី១៤ សីហា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងអប់រំបានរំលឹកថា កម្ពុជាជាប្រទេសដំបូងគេ ដែលបានទទួលស្គាល់ឯករាជ្យ របស់សិង្ហបុរីក្នុងឆ្នាំ១៩៦៥ ហើយកិច្ចសហប្រតិបត្តិការនេះ ត្រូវបានពង្រឹងកាន់តែជិតស្និទ្ធមកទល់ពេលបច្ចុប្បន្ន តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការកម្រិតខ្ពស់ ជាពិសេសទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់សិង្ហបុរីក្នុងឆ្នាំ២០២៤ និងទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី មកកាន់កម្ពុជាក្នុងឆ្នាំ២០២៥។

លោកបន្តថា ទំនាក់ទំនងជាដៃគូរវាងកម្ពុជា-សិង្ហបុរីនេះ ក្រៅពីការកើនឡើងនៃវិនិយោគសិង្ហបុរីនៅកម្ពុជា ក៏មានការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនជាមួយនឹងជើងហោះហើរត្រង់ ៥០ជើងក្នុងមួយសប្តាហ៍ ព្រមទាំងកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្មថាមពលឆ្លងដែន សំដៅគាំទ្រដល់បណ្តាញអគ្គិសនីអាស៊ាន ។

បន្ថែមលើនេះ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់ នៃការអភិវឌ្ឍធនធានមនុស្ស ដែលជាសសរស្តម្ភដ៏រឹងមាំ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយតាមរយៈមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-សិង្ហបុរី (CSCC) មន្ត្រីរាជការកម្ពុជាជិត ១៩.០០០នាក់ ទទួលបានការបណ្តុះបណ្តាលចាប់តាំងពីឆ្នាំ២០០០ មក។

រដ្ឋមន្រ្តីអះអាងថា ក្នុងក្របខ័ណ្ឌតំបន់ កម្ពុជាគាំទ្រចំពោះសិង្ហបុរីក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៧ ដោយជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងមិត្តភាពប្រវត្តិសាស្ត្ររវាងកម្ពុជា និងសិង្ហបុរី នឹងបន្តលូតលាស់កាន់តែរឹងមាំ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួមនៅក្នុងតំបន់៕

To Top