Feature

ក្រសួងមហាផ្ទៃ នឹងផ្អាកជាបណ្តោះអាសន្ន នូវការផ្តល់សេវាអត្តសញ្ញាណកម្ម នៅទីតាំងមួយចំនួន

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នឹងផ្អាកជាបណ្តោះអាសន្ន នូវការផ្តល់សេវាអត្តសញ្ញាណកម្ម នៅទីតាំងផ្តល់សេវាមួយចំនួន នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ស្អែកនេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានឱ្យដឹងថា អគ្គនាយកដ្ឋាន នឹងរៀបចំវគ្គបំពាក់បំប៉នតម្រង់ទិសលើការងារសំខាន់ៗ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋាន រយៈពេលមួយថ្ងៃពេញ គឺនៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦។

ដូច្នេះ ការផ្តល់សេវា នឹងត្រូវផ្អាកមួយថ្ងៃ សម្រាប់ទីតាំង ដូចជា៖ ១- សេវាកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជី អត្រានុកូលដ្ឋាន នៅនាយកដ្ឋាន អត្រានុកូលដ្ឋាន ក្នុងបរិវេណអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានទីតាំង នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ២- សេវាលិខិតឆ្លងដែន នៅនាយកដ្ឋានលិខិតឆ្លងដែន ដែលមានទីតាំងនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ៣- សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមាន ទីតាំងនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ៤- សេវាបញ្ជាក់អត្តសញ្ញាណបុគ្គល និងបញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល នៅនាយកដ្ឋានរដ្ឋបាល សរុប ក្នុងបរិវេណអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានទីតាំង នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ក្រៅពីទីតាំងទាំង៤ ខាងលើ បណ្តាសាខា និងស្នាក់ការផ្តល់សេវាអត្តសញ្ញាណកម្មទាំងអស់នៅបន្ត បើកដំណើរការផ្តល់សេវាជាធម្មតា៕

To Top