Feature

រដ្ឋមន្ដ្រីកសិកម្ម ណែនាំមន្ដ្រីកសិកម្មឃុំចងក្រង សហគមន៍កសិកម្មទំនើប ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋ

កំពង់ចាម ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំមន្ត្រីកសិកម្មឃុំ ត្រូវចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានផលចំណេញ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។

ការណែនាំរបស់ លោករដ្ឋមន្ដ្រី ឌិត ទីណា នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ដើម្បីតម្រង់ទិសក្នុងការអនុវត្តការងារនិងតួនាទីភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាព នៅសាលាខេត្តកំពង់ចាម។ កិច្ចប្រជុំនេះ មានការ ចូលរួមពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំក្រសួងកសិកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃរដ្ឋបាលខេត្តទាំងពីរផងដែរ។

ក្នុងជំនួបសំណេះសំណាលនេះ លោករដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានឱ្យប្រជាពលរដ្ឋ “មានហូប មានប្រើ មានបាន និងមានរហូត” ដែលធានាបានទាំងស្រុងនូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ស្តែងចេញពីការខិតខំក្នុងការអនុវត្តតួនាទី និងភារកិច្ចជួយដល់ប្រជាកសិករពីមន្រ្តីកសិកម្មឃុំ-សង្កាត់ផងដែរ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើឱ្យមន្ត្រីកសិកម្មឃុំ ផ្តោតសំខាន់លើការណែនាំអំពីការដោះស្រាយបញ្ហាប្រឈមរបស់កសិករ ផ្តល់ជាជំនួយបច្ចេកទេស ជាពិសេសការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានផលចំណេញ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅរួមចំណែកប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕

To Top