ឆមាសទី១ ក្រសួងមហាផ្ទៃ ទទួលពាក្យបណ្ដឹងជាង ៦០០ និងដោះស្រាយបានជាង ៥០០បណ្ដឹង
ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងចំនួន៦០៣បណ្ដឹង ក្នុងនោះមានបណ្តឹងស្ទួនចំនួន ៤៦បណ្ដឹង និងបណ្តឹងគ្មានប្រភពចំនួន២៤បណ្ដឹង ។
បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ចំនួនបណ្ដឹងសរុប បានកើនឡើង២០២បណ្ដឹង ស្មើនឹង៥០ភាគរយ។ នេះបើតាមរបាយការណ៍អគ្គាធិការដ្ឋាន ផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
បើតាមរបាយការណ៍អគ្គាធិការដ្ឋាន បណ្តឹងទាំងនោះរួមមាន បណ្តឹងប្រជាពលរដ្ឋ ជាមួយនឹងប្រជាពលរដ្ឋ៦១បណ្ដឹង ប្រជាពលរដ្ឋជាមួយនឹង មន្ត្រីរាជការ១៣២បណ្ដឹង មន្ត្រីរាជការជាមួយនឹងមន្ត្រីរាជការ ៧បណ្ដឹង មន្ត្រីរាជការជាមួយនឹងអង្គភាពចំណុះក្រសួងមហាផ្ទៃ ៩បណ្ដឹង និងបណ្ដឹងពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការសរុប ៣២៤បណ្ដឹង ខណៈពាក្យបណ្ដឹង ដែលអគ្គាធិការមានសរុបចំនួន៧២៤បណ្ដឹង ក្នុងនោះពាក្យដែលបានបន្តនីតិវិធីកន្លងមកមានចំនួន១៩១បណ្ដឹង។
ក្នុងចំណោមពាក្យបណ្តឹងទាំងនោះ ទទួលបានតាមរយៈ តាមទំព័រហ្វេសប៊ុក លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន ៥បណ្ដឹង តាមការបញ្ជាផ្ទាល់ពី លោក ស សុខា មានចំនួន៨បណ្ដឹង តាមរយៈក្រុមការងារហ្វេសប៊ុក លោក ស សុខា ចំនួន៣បណ្ដឹង តាមរយៈការដាក់ពាក្យបណ្ដឹង ផ្ទាល់មកក្រសួងមហាផ្ទៃ ២៨បណ្ដឹង តាមប្រព័ន្ធអនឡាញ ១៨២បណ្ដឹង តាមការស្រង់មតិយោបល់ ពីទំព័រហ្វេសប៊ុកអគ្គាធិការដ្ឋាន ១០បណ្ដឹង និងស្រង់ខ្លឹមសារសារព័ត៌មានតាមបណ្ដាញសង្គម សរុប៣៦៧បណ្ដឹង។
បន្ទាប់ពីទទួលបានបណ្ដឹង និង ដើម្បីមានមូលដ្ឋាន ក្នុងការដោះស្រាយ អគ្គាធិការដ្ឋានទទួលបានរបាយការណ៍បំភ្លឺ ពីអង្គភាពពាក់ព័ន្ធចំនួន ២៣៧របាយការណ៍ ។ ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការដោះស្រាយ អគ្គាធិការដ្ឋាន បានពិនិត្យចាត់ចែងពាក្យបណ្ដឹង និងបានរៀបចំសំណើសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងពាក្យបណ្ដឹងចំនួន៣៩៦បណ្ដឹង និងរបាយការណ៍បំភ្លឺចំនួន១៨៦របាយការណ៍ ៕
