ទូតកម្ពុជា-ទូតរវ៉ាន់ ប្រចាំកូរ៉េខាងត្បូង ពិភាក្សាគ្នា លើវិស័យពាណិជ្ជកម្ម
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួប ពិភាក្សាការងារជាមួយលោក Nkubito Manzi Bakuramutsa ឯកអគ្គរដ្ឋទូតរវ៉ាន់ដាប្រចាំសាធារណរដ្ឋកូរ៉េ នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

ជាកិច្ចចាប់ផ្តើមលោក Nkubito បានថ្លែងអំណរគុណចំពោះ ឯកអគ្គរាជទូតកម្ពុជា ដែលបានជួយសម្របសម្រួល ដំណើរទស្សនកិច្ចផ្លូវការ របស់លោកទៅកាន់ប្រទេសកម្ពុជា កាលពីខែមីនាកន្លងទៅនេះ ។
ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការវិវត្ត នៃទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជន នៃប្រទេសទាំងពីរក្នុងពេលកន្លងមកថ្មីៗនេះផងដែរ ។

លោក Nkubito ក៏បានជម្រាបជូនឯកអគ្គរាជទូតកម្ពុជា អំពីគម្រោងក្នុងពង្រីកបន្ថែមលើទំនាក់ទំនងបច្ចុប្បន្ន ជាមួយប្រទេសកម្ពុជាលើវិស័យហិរញ្ញវត្ថុ និងទេសចរណ៍ដើម្បីជំរុញផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមករវាងកម្ពុជា-រវ៉ាន់ដា ។
លើសពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអង្គការហ្វ្រង់កូហ្វូនី លើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ផងដែរ៕



