Feature

ក្រសួងទេសចរណ៍ និងសមាគមសហព័ន្ធយុវជន សេដ្ឋកិច្ចកម្ពុជា ចាប់ដៃគ្នាជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យ​ទេសចរណ៍កម្ពុជា​ ឱ្យកាន់តែរីកចម្រើន

ភ្នំពេញ ៖​ ក្រសួងទេសចរណ៍ និងសមាគមសហព័ន្ធយុវជន សេដ្ឋកិច្ចកម្ពុជា ចាប់ដៃគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់ជំនាញ និងជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យ​ទេសចរណ៍កម្ពុជា​ ឱ្យកាន់តែរីកចម្រើន ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតជូន លោកឧកញ៉ា​សាស្ត្រាចារ្យ​សមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍ និងការលើកកម្ពស់​សេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងឱកាសនៃជំនួបនេះ លោកឧកញ៉ាសាស្ត្រាចារ្យប្រធានសមាគម បានគោរពថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ ជូនចំពោះ លោករដ្ឋមន្ត្រី ដែលបានអនុញ្ញាត​ ជូន​គណៈប្រតិភូ​ចូលជួបពិភាក្សាការងារ ព្រមទាំងបានជម្រាបជូន អំពីគម្រោងនៃការ​ស្នើ​សុំ​កិច្ចសហប្រតិបត្តិការ​លើការបណ្តុះបណ្តាល និងបង្កើនជំនាញវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍមុខរបរ ការពង្រឹង និងពង្រីកសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យ​ទេសចរណ៍ និងការបញ្ជ្រាបការយល់ដឹង អំពីវិស័យទេសចរណ៍ ជាមួយបណ្តាញសាស្ត្រាចារ្យ និង​និស្សិត​ឱ្យ​កាន់​តែសកម្មថែមទៀត ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃ​ខ្ពស់ ​ចំពោះ​សមិទ្ធផល​របស់​សមាគម​ ក្រោមការដឹកនាំរបស់ឯកឧត្តមឧកញ៉ាប្រធាន និងការចូលរួមរបស់សហការី​គ្រប់​លំដាប់​ថ្នាក់ ដែលបានរួមចំណែកផ្សព្វផ្សាយ និងអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសក្នុងវិស័យទេសចរណ៍។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា តែងតែចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការពង្រឹងសមត្ថភាព ការរៀបចំកញ្ចប់អត្ថប្រយោជន៍ និងកិច្ចអន្តរាគមន៍​ចាំបា​ច់​នានា សំដៅបង្កើតឱកាសមុខរបរ ការងារ និងប្រាក់ចំណូល ដើម្បីលើកកម្ពស់ជីវភាព និង​ធានា​អនាគតកាន់តែប្រសើរជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព បានលើកឡើងថា សារៈសំខាន់នៃការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍ អាចជួយអ្នកលក់ដូរតាមតំបន់គោលដៅទេសចរណ៍ និងអ្នកផ្តល់សេវាកម្មខ្នាតតូច ឱ្យមានលក្ខណៈសម្គាល់ច្បាស់លាស់ ផ្តល់ឱកាសទទួលបានការបណ្តុះបណ្តាលជំនាញ និងការគាំទ្រហិរញ្ញវត្ថុ ពង្រឹងសេវាគាំពារសង្គម បណ្តាញសុវត្ថិភាពការងារ សម្រាប់យុវជន ប្រជាពលរដ្ឋ និងអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍។ ផ្សព្វផ្សាយយុទ្ធនាការចុះឈ្មោះអត្តសញ្ញាណ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រៀបចំកិច្ចសហការជាមួយយុវជន និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ លើកទឹកចិត្តឱ្យអាជីវកម្មខ្នាតតូច ឈានចូលមកក្នុងប្រព័ន្ធផ្លូវការ ដើម្បីទទួលបានផលប្រយោជន៍ និងការការពារផ្នែកច្បាប់។

លោកបណ្ឌិត ឡី សុភាព បានបន្តថា សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជ្រោមជ្រែង និងបង្កើនសមត្ថភាព យុវជន ក៏ដូចជាអ្នកប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសក្នុងវិស័យទេសចរណ៍ ឱ្យដើរស្របគ្នាទៅនឹង យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា (CEYFA) បានចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាកិច្ចការអាទិភាព. ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដែលជួយឱ្យពួកគាត់ទទួលបានការគាំទ្រផ្នែកសង្គមកិច្ច និងជំរុញកំណើន សេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ។ ទស្សនវិស័យរបស់សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា (CEYFA) បានយកចិត្តទុកដាក់លើការងារ ជំរុញការផ្សព្វផ្សាយ និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធពិសេសក្នុងវិស័យទេសចរណ៍ គឺជាយុទ្ធសាស្ត្រមួយដែល មានសារៈសំខាន់ចាំបាច់ សម្រាប់ទ្រទ្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមកម្ពុជានាពេលបច្ចុប្បន្ន។សហគមក៏គ្រោងរៀបចំសិក្ខាសាលាស្តីពី “យុទ្ធនាការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និង ការពង្រឹងគុណភាពសេវាកម្មក្នុងវិស័យទេសចរណ៍” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោករដ្ឋ មន្ត្រី ដែលគ្រោងសមាសភាពចូលរួមចំនួនជាង ៣៥០០នាក់ ដែលគ្រោងរៀបចំនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៦ នៅខេត្តសៀមរាបបន្ថែមទៀត។

ជាលទ្ធផល ភាគីទាំងពីរបានឯកភាព លើទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន៤៖
១. បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងពង្រឹងសមត្ថភាពធនធានមនុស្ស ឱ្យស្របតាមតម្រូវការទីផ្សារ នៅក្នុងវិស័យទេសចរណ៍។
២. បង្កើតឱកាសការងារ លើកកម្ពស់វិជ្ជាជីវៈ និងអភិវឌ្ឍមុខរបរផ្សេៗ នៅតាមខ្សែច្រវាក់ផលិតកម្ម នៃវិស័យទេសចរណ៍។
៣. ពង្រីកការងារក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញការបញ្ជ្រាបការយល់ដឹង អំពីវិស័យទេសចរណ៍ឱ្យកាន់តែទូលំទូលាយ។
៤.ឯកភាពរៀបចំការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួង ទេសចរណ៍ និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការផ្លូវការ និងជំរុញការអនុវត្តឱ្យទទួលបានលទ្ធផលជាក់ស្តែង។

ជំនួបនេះបានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល និងទទួលបានលទ្ធផលជាផ្លែផ្កា ដោយបង្ហាញពីការប្តេជ្ញាចិត្តរួម ក្នុងការប្រែក្លាយជំនាញទៅជាមុខរបរ មុខរបរទៅជាប្រាក់ចំណូល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទៅជាកម្លាំងចលករដ៏សំខាន់ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយបរិយាបន្ន ចីរភាព និងភាពធន់៕

To Top