គណៈប្រតិភូកម្ពុជា និងសហភាពអឺរ៉ុប អញ្ជើញទស្សនាសត្វផ្សោតទន្លេមេគង្គ នៅអន្លង់ផ្សោតកាំពី

ក្រចេះ ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ីហ្គ័រ ឌ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា-សហភាពអឺរ៉ុប (EU) ចុះទស្សនាសត្វផ្សោតទន្លេមេគង្គ នៅអន្លង់ផ្សោតកាំពី ខេត្តក្រចេះ ។

ក្រោមការគាំទ្រពីប្រទេសបែលហ្ស៊ិក ក្រុមអឺរ៉ុប និងដៃគូអភិវឌ្ឍន៍ដទៃទៀត អគ្គនាយកដ្ឋានជលផល និងអង្គការ WWF បានរួមគ្នាគ្រប់គ្រង ការពារ និងអភិរក្សធនធានដ៏កម្រ ដែលជា «រតនសម្បត្តិជាតិ» នេះ។

កិច្ចខិតខំប្រឹងប្រែងនេះ គឺសំដៅរក្សា ឱ្យបាននូវតុល្យភាពរវាងការអភិរក្ស និងការលើកស្ទួយជីវភាពប្រជានេសាទនៅមូលដ្ឋាន តាមរយៈការគាំទ្របង្កើតប្រភពចំណូលថ្មីៗ ។ ការជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ គឺដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើផលនេសាទ ព្រមទាំងលើកទឹកចិត្តសហគមន៍ ឱ្យចូលរួមអភិរក្ស និងការទប់ស្កាត់បទល្មើសជលផល ដែលរួមចំណែកកាត់បន្ថយសម្ពាធ ដល់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕









