Feature

សហជីព អំពាវនាវ ដល់បងប្អូនកម្មករនិយោជិត នៅបន្ទាយមានជ័យ ដែលរងការឈ្លានពានពីថៃ ទាក់ទងមកក្រសួង ដើម្បីទទួលបានឱកាសការងារ ដែលនៅទំនេរជាង ៩ម៉ឺនកន្លែង

បន្ទាយមានជ័យ៖ សហជីពនៅកម្ពុជា បានអំពាវនាវដល់បងប្អូនកម្មករ និយោជិតនៅខេត្តបន្ទាយមានជ័យ ដែលបម្រើការងារនៅតាមរោងចក្រ សហគ្រាសដែលត្រូវបានបិទ ឬគ្រោងបិទដំណើរការ ដោយសារផលប៉ះពាល់ ពីការឈ្លានពានរបស់ថៃ សូមកុំមានការព្រួយបារម្ភអំពីការបាត់បង់ការងារ និងសូមទាក់ទងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសការងារថ្មីៗ ខណៈបច្ចុប្បន្នមានឱកាសការងារជាង ៩ម៉ឺនកន្លែង។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា លើកឡើងថា ការបិទរោងចក្រមិនមែនមានន័យថាកម្មករបាត់បង់ការងារឡើយ ហើយបច្ចុប្បន្នកម្ពុជា នៅតែមានឱកាសការងាររាប់ម៉ឹនកន្លែង កំពុងរង់ចាំបងប្អូនកម្មករនិយោជិត ខណៈរោងចក្រកើតថ្មីមានជាង ៨០០រោងចក្រ ដែលផ្តល់ឱកាសការងាររាប់ពាន់កន្លែង។

លោកថ្លែងថា៖«ក្នុងនាមសហជីព ខ្ញុំសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិត កុំមានការព្រួយបារម្ភរឿងអត់ការងារធ្វើ ព្រោះនៅមានការងារជិត ១០ម៉ឺនកន្លែងឯណុះកំពុងរង់ចាំទទួលបងប្អូន អ៊ីចឹងឱកាសការងារមានច្រើនណាស់ កុំមានការព្រួយបារម្ភ»។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានអំពាវនាវ ដល់បងប្អូនកម្មករនិយោជិត សូមរក្សាភាពស្ងប់ស្ងាត់ ត្រៀមខ្លួនសម្រាប់ឱកាសការងារថ្មី និងកុំឱ្យមានការភ័យខ្លាចថានឹងគ្មានការងារធ្វើ ជាក់ស្តែងមិនថានៅរាជធានីភ្នំពេញ ឬបណ្តាខេត្ត គឺមានឱកាសការងាររាប់ពាន់កន្លែងកំពុងរង់ចាំបងប្អូនកម្មករនិយោជិត។

លោកថ្លែងថា៖«សព្វថ្ងៃនេះប្រទេសកម្ពុជាយើងនៅមានការងារច្រើនណាស់ កំពុងរង់ចាំបងប្អូន ហើយយើងឃើញថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនកម្មកររបស់យើង ជាពិសេសធានាបានលក្ខខណ្ឌការងារល្អ ប្រាក់ឈ្នួលសមរម្យ បងប្អូនមិនខ្វះការងារធ្វើ»។

សូមបញ្ជាក់ថា ក្រុមហ៊ុនមួយចំនួនដែលបិទដោយសារករណីថៃបិទព្រំដែនរួមមាន ក្រុមហ៊ុន អិមអិល អ៊ីនធីមេត អឹភែរឹល (ខេមបូឌា) មានកម្មករ ៦៨៣នាក់ និងក្រុមហ៊ុន ហាយ-ថេក អឹភែរឹល (ខេមបូឌា) ខូអិលធីឌី មានកម្មករ ២,៥៣២នាក់ ត្រូវបានទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករស្របតាមច្បាប់។ ចំណែកក្រុមហ៊ុន នីឌិច ដាយ-ខាសធីង (ខេមបូឌា) ឯ.ក មានកម្មករ ៧២៤នាក់ គ្រោងបិទដំណើរការនៅខែតុលា ឆ្នាំ២០២៦ ក្រសួងការងារនឹងបន្តតាមដាន ដើម្បីធានាការទូទាត់សិទ្ធិ និងអត្ថប្រយោជន៍ជូនបងប្អូនកម្មករតាមច្បាប់៕

To Top