Feature

រដ្ឋសភា យកថ្ងៃ២០ សីហា ប្រជុំអនុម័តសេចក្តីព្រាងច្បាប់ វិសោធនកម្មគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់

ភ្នំពេញ ៖ រដ្ឋសភាបានកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់»។

«ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាលើកដំបូងនៅឆ្នាំ២០០១ ដើម្បីបង្កើតរដ្ឋបាលមូលដ្ឋាន និងបើកផ្លូវដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ដំណើរការធ្វើវិសោធនកម្មច្បាប់នេះ ត្រូវបានអនុវត្តជាបន្តបន្ទាប់ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន ឱ្យស្របតាមកម្មវិធីជាតិស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ខ្លឹមសារនៃច្បាប់នេះ បានកំណត់លម្អិតអំពីតួនាទី ភារកិច្ច និងរបៀបរបបបំពេញការងាររបស់ក្រុមប្រឹក្សា និងមេឃុំ ចៅសង្កាត់ សំដៅឆ្លើយតបឱ្យកាន់តែរហ័ស និងចំទិសដៅចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មនេះ ក៏មានសង្គតិភាពយ៉ាងជិតស្និទ្ធជាមួយ «ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ» និងផែនការយុទ្ធសាស្ត្រជាតិ ដោយធានាថា រាល់ការផ្ទេរមុខងារត្រូវភ្ជាប់មកជាមួយនូវកញ្ចប់ថវិកាទ្រទ្រង់យ៉ាងច្បាស់លាស់។

លើសពីនេះ សេចក្តីព្រាងច្បាប់ខាងលើ ក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការគិតគូរដល់ការពង្រឹងឋានៈ និងតួនាទីរបស់ស្មៀនឃុំ សង្កាត់ ព្រមទាំងការតែងតាំង និងការគ្រប់គ្រងមន្ត្រីនៅថ្នាក់មូលដ្ឋាន ឱ្យស្ថិតក្រោមក្របខណ្ឌមុខងាារសាធារណៈប្រកបដោយស្តង់ដារ មានគណនេយ្យភាព តម្លាភាព តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មផងដែរ៕

To Top