សម្តេចធិបតី តែងតែគាំពារ ដល់ក្រុមគ្រួសារវីរយុទ្ធជនពលី
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា ដើម្បីជាការតបស្នង ចំពោះការលះបង់ដ៏ថ្លៃថ្លារបស់វីរយុទ្ធជនពលី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញគោលនយោបាយ និងយន្តការជាច្រើន ដើម្បីជួយគាំពារក្រុមគ្រួសារ របស់ពួកគាត់។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា ប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ ចំពោះគ្រួសារវីរកងទ័ពពលីក្នុងសង្គ្រាមថៃ ឈ្លានពានកម្ពុជាកន្លងមក ។ ជាក់ស្តែងថ្មីៗនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញប្រគល់ផ្ទះថ្មីចំនួន៧ខ្នងទៀតដែលជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី ក្នុងខេត្តព្រៃវែងចំនួន៥ខ្នង និងខេត្តស្វាយរៀងចំនួន២ខ្នង ។

លោកថា “ដើម្បីជាការតបស្នង ចំពោះការលះបង់ដ៏ថ្លៃថ្លារបស់វីរយុទ្ធជនពលី សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយគាំពារក្រុមគ្រួសាររបស់ពួកគេ តាមរយៈការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗ ឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានឡើងវិញ ឬការដោះស្រាយបំណុល រហូតដល់ការបង្កើតមូលនិធិសម្រាប់ទ្រទ្រង់ ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង” ។
អ្នកនាំពាក្យបន្ថែមថា ចំណែកវីរកងទ័ពដែលបានចូលរួមប្រយុទ្ធលើសមរភូមិ និងកំពុងឈរជើងការពារទឹកដីនៅជួរមុខ ក៏ត្រូវបានសម្តេចធិបតី នាយករដ្ឋមន្ត្រី សម្រេចផ្តល់មេដាយពិសេសជូន និងតំឡើងឋានន្តរស័ក្តិ ទោះបីជាអ្នកដែល ទើបតែចូលបម្រើកងទ័ព តែបានឆ្លងកាត់សមរភូមិ ប្រយុទ្ធដើម្បីការពារបូរណភាពទឹកដី ។ ទន្ទឹមនឹងនោះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រកាស លើកលែងទាំងស្រុង នូវពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិកាន់កាប់ អចលនទ្រព្យដល់វីរកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថ ដែលកំពុងឈរជើងការពារទឹកដី នៅជួរមុខ ដើម្បីជាការលើកទឹកចិត្ត និងការដឹងគុណ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ពួកគេ ។
លោកសង្កត់ធ្ងន់ថា ភាពអង់អាចក្លាហានរបស់វីរយុទ្ធជនជួរមុខ ក៏ទទួលបានការសាទរនិងផ្តល់តម្លៃយ៉ាងខ្លាំង ពីសាធារណជនទូទៅ។ ពាក្យ «វីរកងទ័ព» បានក្លាយជានិម្មិតរូបនៃការគោរព និងដឹងគុណពីសំណាក់មហាជនខ្មែរគ្រប់ទិសទី ៕
